ជាម យៀម៖ ស្នើឲ្យ សមត្ថកិច្ច ដកហូតយកស្លាកលេខរដ្ឋសភា ដែលអស់សុពលភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១០ មិនា ២០១៤) ៖ លោក ជាម យៀម ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធទាំងអស់ នៅតាមបណ្តារាជធានី-ខេត្ត ដកហូតយកស្លាកលេខរដ្ឋសភា ដែលអស់សុពលភាព
លោក ជាម យៀម បានមានប្រសាសន៍ថា ចំពោះស្លាកលេខរថយន្តរដ្ឋសភាអាណត្តិទី៥ ខាងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទាំង៦៨រូប បានទទួលយកអស់ហើយ ប៉ុន្តែខាងគណបក្សសង្គ្រោះជាតិ នៅតែប្រើប្រើប្រាស់ ស្លាកលេខរដ្ឋសភាទី៤ (អាណត្តិទី៤) ទៅបំពាក់នៅរថយន្តរបស់ខ្លួន។
ហើយលោកសូមស្នើសុំ ឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅតាមរាជធានី និងតាមបណ្តាខេត្តនានា ពិនិត្យមើលអ្នកណា ដែលយកស្លាក រដ្ឋសភា អាណត្តិទី៤ (លេខ៤) យកទៅប្រើប្រាស់ គឺវាខុសច្បាប់ អត់បានទេ ហើយឥឡូវ អាណត្តិទី៥ នៃរដ្ឋសភា ហើយកំពុងតែដំណើរការ។
លោកបានបន្តថា រដ្ឋសភា បានចែកនូវស្លាកលេខ ជូនដល់សមាជិកទាំង ៦៨ រូប នៃគណបក្សប្រជាជនកម្ពុជា រួចរាល់អស់ហើយ និងបានត្រៀមលក្ខណៈ ជូនដល់សមាជិកនៃរដ្ឋសភាទាំង ៥៥ រូប នៃគណបក្សសង្គ្រោះជាតិ ប៉ុន្តែគេមិនទាន់ទៅស្បថ មិនទាន់ពេញសិទ្ធិ ជាអ្នកតំណាងរាស្ត្រនៅឡើយទេ៕