លីម មួយហ្គិច មិនត្រូវការ ការឧបត្ថម្ភពីបុរសអ្នកមានទ្រព្យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០១ មិនា ២០១៤) ៖ ថ្មីៗនេះតារាសម្តែងវ័យក្មេង កញ្ញា លីម មួយហ្គិច ទើបតែបើកហាងលក់បបរមួយកន្លែង នៅម្តុំផ្សារស៊ីឡឹប ដែលហាងផ្ទាល់ខ្លួនរបស់នាង ទើបតែដំណើរការនោះ មានឈ្មោះថា “បបរដាលីន” ។ បើតាមការបង្ហើបប្រាប់របស់ ស្រីស្រស់ លីម មួយហ្គិច បានឲ្យដឹងថា ការចំណាយលុយ បើកហាងលក់បបរ របស់នាងពេលនេះ មិនមានបុរសណា ជាអ្នកឧបត្ថម្ភនាងឡើយ ពោលគឺជាលុយរបស់ម្តាយនាង ទាំងស្រុង ។
កា រអះអាងរបស់តារាម៉ូដែល ប្រចាំក្រុម Sun Super Model លីម មួយហ្គិច បែបនេះ ដោយសារតែនាងដឹងថា អ្នកសិល្បៈមួយចំនួន ឲ្យតែបើកហាងអ្វីមួយ តែងតែមានគេនិយាយថា មានអ្នកនេះ មានអ្នកនោះ ជាអ្នកឧបត្ថម្ភ និងផ្តល់លុយឲ្យបើកជាថ្នូរនឹងរបស់អ្វីមួយ ឬជាថ្នូរនឹងសេចក្ដីស្នេហា និងយកធ្វើជាស្រីកំណាន់ចិត្តជាដើម។
ជារឿយៗមហាជន ក៏ដូចជាអ្នកតាមដាន សង្គមសិល្បៈមួយចំនួន បានដឹងយ៉ាងច្បាស់ថា តារាសម្តែងតារាចម្រៀង ចំនួនតែងតែមានបុរសអ្នកមាន ឬមន្ត្រីឧកញ៉ាធំៗ ធានាចឹញ្ចឹម និងទិញរថយន្តទំនើបៗ រួមទាំងទិញវិឡាខុនដូ ឲ្យរស់នៅបានយ៉ាងល្អ ឡូយឆាយ និងផ្ដល់លុយកាក់ចាយជាប្រចាំ ឲ្យតែព្រម...!។ មានតារាខ្លះទៀតត្រូវប្រុសស្នេហ៍ ដែលមានឋានៈក្នុងមន្រ្តីយោធារាងទ្រើសបន្តិច ថែមទាំងបញ្ជូនអង្គរក្សផ្ទាល់ខ្លួន ទៅការពារស្រីស្នេហ៍នោះទៀតផង ខ្លាចមានប្រុសផ្សេងមកបេះបាត់។
ដោយ ឡែកតារាសម្តែង សាច់សសម្បូរមន្តស្នេហ៍ លីម មួយហ្គិច វិញ បានបង្ហើបឲ្យដឹងថា កន្លងមកនាង ក៏មានបុរសសម្បូរទ្រព្យវ័យជាង ៤០ឆ្នាំម្នាក់ ធានាចឹញ្ចឹមឲ្យនាងរស់ម៉ាស្រួល។ តែនាងមិន ព្រមទទូលយក ការលួងលោមតាមសំណើរ របស់បុរសសក់ល្បាយអាចម៍ខ្លានោះឡើយ ។
លីម មួយហ្គិច បានបន្តថា “ខ្ញុំមិនចង់បានការឧបត្ថម្ភ ឬរបស់របរអ្វីដែលមិនមែនជាញើសឈាម របស់ខ្ញុំឡើយ ព្រោះខ្ញុំគិតថា បើគេឲ្យរបស់អ្វី មួយមកយើង គឺគេតែងតែចង់បានអ្វីមួយ ពីយើងវិញ ដូច្នេះខ្ញុំមិនអាចទទួលយក បានឡើយ” ។
តារាសម្តែងរូបនេះ មានសុទិដ្ឋិនិយមខ្លួនឯងថា “ខ្ញុំសុខចិត្តរកស៊ី តាមកម្លាំងញើសឈាមរបស់ខ្ញុំ មិនចង់បានការ ឧបត្ថម្ភពីបុរសណាម្នាក់ឡើយ..។ បើខ្ញុំព្រមទទួលយកការធានាចឹញ្ចឹម របស់គេ ម្ល៉េះខ្ញុំមិនមកបើកហាងលក់បបរ បែបនេះឡើយ..!” ។ ចំពោះការបើហាងលក់បបរបែបនេះ កញ្ញា លីម មួយហ្គិច បានបញ្ជាក់ថា នាងមិនមានភាព ខ្មាស់អៀនអ្វីឡើយ បើទោះបីជានាង គឺជាអ្នកសិល្បៈក្តី ព្រោះការងារនេះ គឺជាការងាររកលុយ ដោយញើសឈាមរបស់ នាងពិតប្រាកដ និងជាការងារសុចរិត មិនមែនជាញើសឈាមរបស់គេឡើយ ៕