រដ្ឋាភិបាលថៃ ចោទក្រុមប្រឆាំងថាជាមេបញ្ហាធ្វើឲ្យរាំងស្ទះដល់ការសងប្រាក់ទៅកសិករ
សារព័ត៌មាន Cambodia News/
ថៃ(២០ កុម្ភៈ ២០១៤)៖ ថ្លែងតាមប៉ុស្ដិ៍ទូរទស្សន៍ថៃនាយករដ្ឋមន្ដ្រីចាំផ្ទះលោកស្រីយីង ឡាក់ បានខឹងសម្បារយ៉ាងខ្លាំងទៅលើក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលថៃ ដោយសារ ក្រុមបាតុករគឺជាបញ្ហាចម្បងដែលធ្វើឲ្យរាំងស្ទះដល់ការសងប្រាក់ទៅ កសិករក្រោយពីរដ្ឋាភិបាលបានទិញស្រូវអង្ករពីពួកគេ។
-
លោកស្រី យីងឡាក់បាននិយាយថា ក្រុមបាតុករបានយកបញ្ហានេះធ្វើជាលេស ដើម្បីញុះញង់ឲ្យកសិករក្រោកឈរប្រឆាំងជាមួយរដ្ឋាភិបាល។ ក្រុមអ្នកតវ៉ាព្យាយាមចាប់កំហុសគ្រប់ពេលវេលាជាពិសេសពួកគេបាន យកការពន្យារពេលទូទាត់សំណងស្រូវ អង្ករទៅកសិករមកវាយប្រហារ រដ្ឋាភិបាលទាំងហេតុផលមិនត្រឹមត្រូវ។
ទោះជាយ៉ាងណា នាយករដ្ឋមន្ដ្រីចាំផ្ទះលោកស្រីយីង ឡាក់ បានសម្តែងការសុំទោសទៅកាន់ប្រជាកសិករទាំងអស់ ចំពោះភាពយឺតយ៉ាវក្នុងការសងប្រាក់ទៅកសិករ ដោយសារតែកម្តៅនៃបញ្ហានយោបាយមិនទាន់មានភាពថមថយ។
គួរ រម្លឹកថាលោកស្រីយីងឡាក់ធ្លាប់បានសន្យាជាមួយកសិករថានឹង ទូទាត់សងប្រាក់ជូនកសិករ បន្ទាប់ពីស្រូវត្រូវប្រមូលផលបានរួចរាល់។ ប៉ុន្តែដោយសារភាពវឹកវរ ដែលកើតឡើងក្នុងប្រទេសថៃ រហូតមកដល់ពេលនេះប្រាក់ទាំងនោះកសិករនៅមិនទាន់បានទទួលនៅឡើយទេ៕