រលំកន្លែងកំសាន្តនៅកូរ៉េខាងត្បូង, ស្លាប់ និង របួសសិស្សជាង ១០០នាក់
សារព័ត៌មាន Cambodia News/
សេអ៊ូល(១៩ កុម្ភៈ ២០១៤)៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ថា អគាររមណីយដ្ឋាន មួយកន្លែងស្ថិតនៅ ទីក្រុងភាគនិរតី នៃប្រទេសកូរ៉េខាងត្បូង បានរលំចុះមក ដោយសារ មិនអាចទ្រំាទ្រ នឹងទម្ងន់ព្រឹលធ្លាក់ បានបណ្តាលឲ្យ មនុស្ស ១០នាក់ ស្លាប់ និង ជាង ១០០នាក់ផ្សេងទៀត ទទួលរងរបួស។
តាមការផ្សាយព័ត៌មាន ក្នុងតំបន់ឲ្យដឹងទៀតថា ទីរមណីយដ្ឋានខាងលើនេះ មានឈ្មោះថា មួណា អូស៊ិន រីស៊ត ជាប្រភេទកន្លែងហាត់ប្រាណ និង ស្ប៉ា ស្ថិតនៅទីក្រុងគ្យុងជូ ចម្ងាយ ៣៧០ គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ បើតាមមន្ត្រីប៉ូលិស ក្នុងតំបន់ឲ្យដឹងថា គ្រោះថ្នាក់បានកើត ឡើងនៅវេលាម៉ោង ៩ និង ១៥នាទីយប់ថ្ងៃចន្ទ ស្របពេលដែលនិស្សិត មកពីសាកលវិទ្យាល័យ ប៊ូសាន ប្រមាណជា ៥៦៥នាក់បានមកកំសាន្ត លំហែរកាយនៅទីនោះ។
រហូតមកដល់ម៉ោង ៥ និង ៥០នាទីព្រឹក ថ្ងៃអង្គារ នេះ សេចក្តីរាយការណ៍ បានបញ្ជាក់ថា សិស្ស ៩នាក់ និង អ្នកចាត់ចែង ពិធីជប់លាងម្នាក់ បានស្លាប់ ហើយ សិស្សប្រមាណជា ១០១នាក់ ផ្សេងទៀតទទួលរងរបួស ដែលក្នុងនោះ ១៧នាក់មានសភាពធ្ងន់ធ្ងរបំផុត និង កំពុងទទួល ការសង្គ្រោះជាបន្ទាន់។ ដោយឡែក ក៏មាននិស្សិត និង អ្នករៀបចំកម្មវិធីមួយចំនួនទៀត ត្រូវបានគេអះអាងថា កំពុងស្ថិតនៅក្នុង គំនរអគារបាក់នោះ រង់ចាំការសង្គ្រោះផងដែរ។
គួរបញ្ជាក់ថា ក្រុមសង្គ្រោះមានគ្នា ៤០០នាក់ត្រូវបាន អាជ្ញាធរ បញ្ជូនទៅកន្លែង កើតហេតុ ដែលកំពុងទទួលរង ព្រិលធ្លាក់ខ្លាំងរហូតដល់ កម្រាស់ ៥០សង់ទីម៉ែត្រ។ ប៉ូលិស នឹងធ្វើការស៊ើបអង្កេត រកមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់ខាងលើនេះ បន្ទាប់ពីប្រតិបត្តិការ ជួយសង្គ្រោះ បញ្ចប់ទៅនោះ៕ ប្រភពទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ (ប្រែសម្រួលដោយ៖ DAP)