ពិព័រណ៍ម​ហោ​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​លើក​ទី៣​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ ព្រឹត្តការណ៍ ពិព័រណ៍មហោស្រព ភាពយន្ត អន្តរជាតិ លើកទី៣ ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១២ នឹងចាប់ផ្តើម នៅថ្ងៃទី៧ រហូតដល់ថ្ងៃទី១២ ធ្នូ ២០១២ ខាងមុខនេះ។ ខ្សែភាពយន្តខ្មែរ និង បរទេស ចំនួន៥២ រឿង នឹងត្រូវចាក់បញ្ចាំង ជូនទស្សនិកជន នៅតាមបណ្តា រោងភាពយន្តនានា ដោយឥតគិតថ្លៃ។

ពិព័រណ៍នេះ រៀបចំដោយ មជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញ និងទទួលការថត ភាពយន្តនៅកម្ពុជា ហៅកាត់ថា CFC (Cambodia Film Commission) សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញភាពយន្តកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ។

នាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត នៅកម្ពុជា លោក ជាប សុវិជ្ជា បានឱ្យដឹងថា នៅក្នុងពិព័រណ៍ មហោស្រពភាពយន្ត អន្តរជាតិ លើកទី៣ នៅកម្ពុជា ខាងមុខនេះ នឹងមាន ភាពយន្តចម្រុះ ចំនួន៥២រឿង ត្រូវបានដាក់បញ្ចាំង ជូនទស្សនិកជន ដោយឥតគិតថ្លៃ ហើយក្នុងនោះ ក៏មានភាពយន្តខ្មែរ មួយចំនួនដែរ ។

លោក គង់ កន្តារ៉ា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ពិព័រណ៍មហោស្រព ភាពយន្ត អន្តរជាតិ លើកទី៣ ក្នុងប្រទេសកម្ពុជា ជាឱកាសដ៏ល្អមួយ សម្រាប់ឱ្យ ខ្មែរយើង សិក្សាពីភាបយន្តបរទេស បន្ថែមទៀត ។

លោកបន្ថែមថា បច្ចុប្បន្ន វិស័យភាពយន្ត នៅកម្ពុជា កំពុងតែរីកចម្រើនបន្តិចម្តងៗ ហើយបរទេសក៏ចាប់អារម្មណ៍ មកថតនៅកម្ពុជាច្រើនដែរ តែការភាពយន្ត របស់ខ្មែរ នៅមានកម្រិតនៅឡើយ ៕

ដោយ៖ ហេង នាង

ឈុតនៅក្នុងរឿង វិញ្ញាណម្ចាស់ពូក (រូប dap)។

Related Articles

Back to top button
Close
Close