សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ចេញមុខសុំទោស ជំនួស នាយក្រូច
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១១ កុម្ភៈ ២០១៤)៖នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ នេះ លោក សុវណ្ណ រិទ្ធី ហៅតាវិចទ័រ ជាអ្នកដឹកនាំ និងជាអ្នកនិពន្ធ រឿងកំប្លែង ឲ្យក្រុមតារាកំប្លែងនាយ ពែកមី បានសម្តែង ការសោកស្តាយ ចំពោះកាយវិការ មិនសមរម្យ របស់នាយក្រូច ធ្វើឲ្យប៉ះពាល់ កិត្តិយសបង ប្អូនខ្មែរ-ឥស្លាម ។
-
សម្តែង ការសោកស្តាយ នេះ បន្ទាប់ពីសមាជិក តារាកំប្លែង ក្នុងក្រុមដ៏ល្បី នាយ ក្រូច បានសម្តែងកាយវិកា លើឆាកតន្រ្តី ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបងប្អូន ជនជាតិខ្មែរ-ឥស្លាម កាលពីឆ្នាំ ២០១១ កន្លងទៅ។
លោក សុវណ្ណ រិទ្ធី បានថ្លែងប្រាប់ ថា លោកសូមសម្តែង ការសោកស្តាយ ដែលសមាជិកក្រុមកំប្លែង បានសម្តែងរឿងធ្វើឲ្យប៉ះពាល់ អារម្មណ៍បងប្អូនខ្មែរ-ឥស្លាម នាពេលកន្លងមក ប៉ុន្តែលោកគិតថា នេះគឺជាកំហុសអចេតនា ព្រោះតែក្នុងបំណងមួយ ដើម្បីឲ្យតែមហាជន ផ្ទុះសំណើចក្អាកក្អាយ ប៉ុណ្ណោះ ពោលគឺគ្មានចេតនា និងបន្ទោសបង្អាប់ បងប្អូនជនជាតិ ខ្មែរ-ឥស្លាម ដែលប្រកាន់ខ្ជាប់ នូវសាសនារបស់ខ្លួនឡើយ ។
ដោយឡែក សម្រាប់តារាកំប្លែង នាយ ក្រូច មិនអាចទាក់ទង សុំការបំភ្លឺជុំវិញប្រតិកម្មនេះ បានទេ ខណៈដែលទូរស័ព្ទចូល ជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល ។
គួរបញ្ជាក់ថា នាយក្រូច ជាតារាកំប្លែងមានឈ្មោះល្បី ក្នុងក្រុមនាយ ពាក់មី ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN កាលពីពេលថ្មីនេះ ត្រូវបានសមាគមខ្មែរ-ឥស្លាម បញ្ចេញប្រតិកម្ម និងបានធ្វើការព្រមាន ឲ្យសុំទោសជាសាធាណៈ ពាក់ព័ន្ធនឹងការសម្ដែងរបស់លោក ប៉ះពាល់កិត្តិយស របស់បងប្អូនជនជាតិឥស្លាម។
ការប្រតិកម្ម និងព្រមានជាសាធារណៈ នៅពេលនេះ គឺបន្ទាប់ពីនាយក្រូច បានសម្ដែងរឿងកំប្លែង ជាមួយនាង អ៉ីត កាលពីឆ្នាំ ២០១១ ក្នុងកម្មវិធីពិព័រណ៍ ពាណិជកម្មភូមិមួយ ផលិតផលមួយ ដែលបានធ្វើឡើងក្នុងខេត្តកែប។
នៅក្នុងឈុតឆាក ដែលនាយក្រូចសម្ដែងជាមួយនាង អ៉ីត គឺលោកបានដើរតួជា គ្រូដាក់ស្នេហ៍ ជនជាតិខ្មែរ-ឥស្លាម ដោយបានតែងខ្លួន និងនិយាយតាមបងប្អូនឥស្លាម ទាំងអស់ដោយក្នុងពេលសម្ដែង នាយក្រូច បាននិយាយចំអេសចំអាស ក្នុងឋានៈខ្លួនកំពុងដើរតួជាគ្រូដាក់ស្នេហ៍ ដែលធ្វើឲ្យអ្នកទស្សនា គិតថា គ្រូស្នេហ៍ជាជនជាតិចាម តែងតែប្រព្រឹត្តិទង្វើមិនគប្បីបែបនេះ ។ បញ្ហានេះបានធ្វើឲ្យសមាគមខ្មែរ-ឥស្លាម មានការខឹងសម្បារ ព្រោះគ្រូស្នេហ៍ ជាជនជាតិឥស្លាម មិនដែលប្រព្រឹត្តិទង្វើ មិនសមរម្យ បែបនេះឡើយ៕