Cambodia News ​និង​សាកល​វិទ្យាល័យ​ខេមរៈ​បណ្តុះបណ្តាល​ព័ត៌មាន​ប្រជា​ពលរដ្ឋ

ដោយ រតនៈ
សារព័ត៌មាន Cambodia News

ភ្នំពេញ (៦ កុម្ភៈ ២០១៤)៖ ​ដើម្បី​​ជួយបង្កើន​ការយល់​ដឹង​ ពីមុខវិជ្ជា​​សារព័ត៌មាន​និង​ក្រម​សីលធម៌​ព័ត៌​មាន​ជា​ទូទៅ​ដល់​អ្នក​ដែល​ មិន​មែន​ជាព័ត៌មាន ​សារព័ត៌មាន​ឃែមបូឌា ញូស៌ ​​សហការ​ជា​មួយ​​​សាកល​វិទ្យា​ល័យ​​​ខេមរៈ​​របស់​លោក​បណ្ឌិត​ សុខ ទូច ​​រៀបចំ​វគ្គបណ្តុះបណ្តាល​មួយស្តីពី​​មុខ​វិជ្ជា​នេះ នៅឯ​​សាកល​វិទ្យាល័យ​​ខេមរៈ​។
វគ្គ​បណ្តុះ​បណ្តាល​​ដែល​​មាន​​រយៈ​​ពេល​​ពីរ​​ថ្ងៃ​ពេញ ​គឺ​នៅថ្ងៃសៅរ៍ទី ៨ និង​​ថ្ងៃ​អាទិត្យ​ទី​៩ កុម្ភៈ​នេះ​នឹង​​​ផ្តោត​លើប្រធានបទមួយ​ចំនួន​រួមមាន៖ ការ​សរសេរ​ព័ត៌មានឲ្យ​បាន​ពេញលេញ និង​ច្បាស់​លាស់​​​សម្រាប់​​បង្ហោះលើ​​គេហទំព័រ Blog និង Facebook  ការ​ថតរូបព័ត៌មាន និង​បច្ចេកទេស​សម្ភាស ព្រមទាំង​​​ក្រមសីលធម៌ព័ត៌មានផងដែរ។
លោក ឆាយ សុផល និពន្ធនាយក​​​សារព័ត៌មាន​ Cambodia News បាន​​មាន​ប្រសាសន៍ថា វគ្គ​បណ្តុះ​បណ្តាល​នេះ​នឹង​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋទូទៅ​ដែល​មាន​ ចំណាប់អារម្មណ៍​លើ​វិស័យព័ត៌មាន​បាន​យល់​​​ដឹង​បន្ថែម​​នៅក្នុង​សម័យ​​​កាល​ នៃ​ការរីក​ចម្រើន​ដ៏​គំហុក​របស់​​បណ្តាញព័ត៌មាន​សង្គម ដូច​ជា Facebook និង YouTube ​ជា​ដើម។
លោក​បាន​បញ្ជាក់​ថា បើទោះ​ជាប្រជាពលរដ្ឋ​មិនមែន​ជា​អ្នក​ព័ត៌មានអាជីពក៏ដោយ ក៏​ពួកគាត់​អាច​​ធ្វើ​​​ជា​អ្នក​សារព័ត៌មាន​ប្រជា​ពលរដ្ឋ (Citizen Journalist) ដោយរាយ​ការណ៍ព័ត៌មាន​តាម​វិទ្យុ ទូរទស្សន៍ និង​គេហទំព័រ ​ពិសេស​នៅតាម​ហ្វេសប៊ុក ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​មាន​សីលធម៌។
គួរ​​បញ្ជាក់ថា កន្លង​មក Cambodia News បាន​សហការ​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាលនិង​អង្គការ​សង្គម​ស៊ីវិលជា​ច្រើន​​ ក្នុង​ការ​​បណ្តុះបណ្តាល​វគ្គខ្លីៗស្តីពីការសរសេរព័ត៌មាន ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល Cambodia News បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ ដើម្បី​​បណ្តុះបណ្តាល​មុខ​វិជ្ជានេះ៕
ដំណឹងទាក់ទិននឹង​ការ​សិក្សា សូម​ទាក់ទង​​​​​សាកល​វិទ្យា​ល័យ​​​ខេមរៈ​​របស់​លោក​បណ្ឌិត​ សុខ ទូច​ តាម​​ទូរស័ព្ទ ០៩៣ ៧៧ ៩៩ ១៣

WRITING NEWS TRAINING (WITH UNIVERSITY)

Related Articles

Back to top button
Close
Close