អេហ្សិតជួយសាលារៀននៅផ្លូវជាតិលេខ៤
ដោយ ហេង នាង
សារព័ត៌មានឃែមបូឌា ញូស៌

ខេត្តកណ្តាល (២៧ មករា ២០១៤)៖ ក្រុមហ៊ុន អេហ្សិត (AZ) បានផ្តល់ថវិកាមួយចំនួនជួយកែលំអរសាលាបឋមសិក្សានិងអនុវិទ្យាល័យអង្គស្នួលនៅខេត្តកណ្តាល ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក ពេញ ផល មេឃុំពើក ស្រុកអង្គស្នូលបាននិយាយថា ក្រុមហ៊ុន អេហ្សិត បានជួយប្រាក់ឧបត្ថម្ភកសាងរបងថ្ម ទ្វារ ផ្លាកសាលា និងឈូសឆាយទីធ្លាសាលាឲ្យរាបស្មើ ជីកប្រឡាយ និងដាក់ប្រព័ន្ធលូនៅក្នុងនិងក្រៅបរិវេណសាលា។
ថ្លែងនៅក្នុងពិធីសម្ភោធន៍សមិទ្ធផលនាព្រឹកមិញ ដោយមានការចូលរួមពីសំណាក់អ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្ស ព្រមទាំងអាជ្ញាធរឃុំស្រុកជាងមួយពាន់នាក់ លោក ពេញ ផល បានលើកឡើងថា ទាំងនេះគឺជាសមិទ្ធផលបន្ថែមទៀតដែលក្រុមហ៊ុន អេហ្សិត បានផ្តល់ជូនឃុំពើករបស់លោក ពិសេសដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យអង្គស្នួលតែម្តង។
លោកមេឃុំបានបញ្ជាក់ថា នេះ “ពិតជាឆ្លើយតបទៅនឹងតម្រូវការជាអទិភាពរបស់លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស រួមចំណែកអភិវឌ្ឍមូលដ្ឋាន កាត់បន្ថយនូវភាពក្រីក្រជូនឃុំពើកយើងខ្ញុំៗ”
មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ ក្នុងនាមក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន ក៏បានចូលរួមជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ភោធសមិទ្ធផលរបស់សាលានោះផងដែរ។
មានប្រសាសន៍នៅក្នុងពិធីនោះ មហាឧបាសក លឹម ឈុន បានអំពាវនាវ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់កុំធ្វេសប្រហែស និងចំណាយពេលវាលាចោលឥតប្រយោជន៍ តែត្រូវខិតខំរៀនសូត្រ និងស្វែងរកចំណេះដឹង ដើម្បីអនាគតរបស់ខ្លួននាពេលខាងមុខ ហើយខិតខំសាមគ្គី និងស្រឡាញ់គ្នាដូចជាបងប្អូន។
គួរបញ្ចាក់ថា សាលាបឋមសិក្សានិងអនុវិទ្យាល័យអង្គស្នួលស្ថិតនៅតាមដងផ្លូវជាតិលេខ៤ ប្រមាណ ២៦ គីឡូម៉ែត្រពីរាចធានីភ្នំពេញ ក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺដោយសាលានេះមានសិស្សចំនួន ១.៧៦៧ នាក់៕




