ឈឹម ផលវរុន៖ ឡានមេដឹកនាំគណបក្សសង្រ្គោះជាតិមានតម្លៃជិត $1លោន
ដោយ មនោ
សារព័ត៌មាន យុវវ័យថ្មី
ភ្នំពេញ (២៤ មករា ២០១៤)៖ លោក ឈឹម ផលវរុន អ្នកឯកទេសនីតិរដ្ឋធម្មនុញ្ញបាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា តម្លៃរថយន្តរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្រ្គោះជាតិមានរហូតដល់ទៅជិតមួយលាន ដុល្លារ ហើយសង្ស័យថា លុយនោះទំនងបានមកពីប្រាក់ជំនួយឧបត្ថម្ភទាំងក្នុងប្រទេសនិង ក្រៅប្រទេស។
នៅក្នុង បទសម្ភាសន៍មួយរបស់ទូរទស្សន៍ CNC នាព្រឹកមិញ ពិធីករព័ត៌មាន សោម ឆាយ៉ា បានលើកជាសំណួរមួយទៅលោក ឈឹម ផលវរុន ទាក់ទិននឹងអំពើពុករលួយដែលអាចកើតមាននៅក្នុងគណបក្សសង្រ្គោះជាតិ ព្រោះឮដំណឹងថា លោក សម រង្ស៊ី និងលោក កឹម សុខា បានប្រើរដ្ឋយន្តទំនើបៗ។
ដោយអះអាងថា ខ្លួនមានព័ត៌មានគ្រប់គ្រាន់ លោក ឈឹម ផលវរុន បានឆ្លើយថា គ្រាន់តែឡាន មែកសឺដែស របស់លោក កឹម សុខា មានតម្លៃប្រមាណ ២០ ម៉ឺនដុល្លារទៅហើយ នេះមិនទាន់គិតរថយន្ត Lexus 570 មួយគ្រឿងទៀតនៅឡើយទេ ហើយថា លោក សម រង្ស៊ី មានឡានដល់ទៅបីគ្រឿង ដែលសរុបតម្លៃរថយន្តទាំងពីរនាក់មានដល់ទៅជិតមួយលានដុល្លារ។
នៅក្នុងកិច្ចសម្ភាសន៍នោះ ទាំងលោក សោម ឆាយ៉ា និងលោក ឈឹម ផលវរុណ បានព្យាយាមលើកយកសំណួរនិងចម្លើយទាក់ទិនពីចំណុចអាក្រក់ៗរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ពិសេសដំណើរចាកចេញទៅក្រៅប្រទេសរបស់លោក សម រង្ស៊ី និងភរិយាកាលពីម្សិលមិញនេះ។
គួរបញ្ចាក់ថា កាលពិនៅចុងឆ្នាំ ២០១៣ លោក ឈឹម ផលវរុណ ត្រូវបានអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជេរម្រ៉ាយកប់ៗមាត់ និងប្រមាថថា ជាបណ្ឌិតថោក ឆ្គួត ល្ងីល្ងឺ និងលក់ក្បាលឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ការប្រមាថនេះបានធ្វើឡើងនៅទីសាធារណៈ ហើយបើកុំតែមានអន្តរាគមន៍ នោះទំនងជាទ្រោមខ្លួនដោយសារអ្នកគាំទាំងនោះមិនខាន។
អ្នកឃ្លាំមើលបញ្ហានយោបាយ និងអំពើពុករលួយនៅប្រទេស ព្រមទាំងសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ លោក សោម ឆាយ៉ា និងលោក ឈឹម ផលវរុណ ដែលបានលើកយកចំណុចអាក្រក់ៗ ពិសេសអំពើពុករលួយ និងការគ្រប់គ្រងហិរញ្ញវត្ថុខុស ព្រមទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ឥស្សរជននិងមេដឹកនំានយោបាយ សំខាន់ៗរបស់ប្រទេស។
ពួកគេទាំងនោះរំពឹងថា នៅថ្ងៃបន្តបន្ទាប់ លោក សោម ឆាយ៉ា និងលោក ឈឹម ផលវរុណ នឹងអាចបង្ហាញពីតម្លៃរថយន្ត តម្លៃផ្ទះ តម្លៃដី និងចំនួនលុយកាក់របស់ឥស្សរជននិងមេដឹកនំានយោបាយសំខាន់ៗផ្សេង ទៀតដូចជា លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តី សុខ អាន និងឧបនាយករដ្ឋមន្រ្តីផ្សេងទៀត ព្រមទាំងរដ្ឋមន្រ្តីនិងមន្រ្តីទាំងនៅក្នុងក្រសួងស៊ីវិលនិងប្រដាប់ ងាវុធផងដែរ ដើម្បីឲ្យសាធារណជនបានដឹង និងជួយប្រៀបធៀប៕