អ្នកភូមិបុរីកីឡាព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំបើនៅតែពុំមានដំណោះស្រាយ
ខណៈក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex ) ចាត់ទុកពលរដ្ឋដែលនៅបន្តក្រាញននៀលមិនចាកចេញទាំងនេះថា ពុំមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់នៅ ក្រុមអ្នកភូមិបុរីកីឡាបានព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅសប្ដាហ៍ក្រោយ ដើម្បីជំរុញឲ្យរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ស្វែងរកនូវដំណោះស្រាយលំនៅឋានឲ្យបានឆាប់។
ក្រោយពីជំនួបពេញមួយព្រឹកនៅថ្ងៃពុធ រវាងតំណាងសហគមន៍បុរីកីឡាចំនួន ១០នាក់ ជាមួយនឹងលោក ទីវ គឹមពិសិដ្ឋ អគ្គនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ អ្នកស្រី ឆាយ គឹមហ៊ន ដែល ជាតំណាងរបស់សហគមន៍បុរីកីឡា បាននិយាយថា សាលារាជធានីភ្នំពេញពុំមានសមត្ថភាពណាមួយ ។
អ្នកស្រ្តីបានថា បើរដ្ឋាភិបាលនៅតែពុំមានសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយនោះទេក្រុមអ្នកភូមិបុរីកីឡានឹងធ្វើបាតុកម្មក្នុងទ្រង់ទ្រាយធំ នៅសប្ដាហ៍ក្រោយនេះ ហើយនៅតែបន្តការតវ៉ាបន្តទៀត រហូតដល់មានដំណោះស្រាយ ដើម្បីលំនៅឋានសមរម្យដូចអ្នកភូមិបុរីកីឡាឯទៀត។
សូមរំលឹកថា នៅក្នុងជម្លោះដីធ្លីរវាងក្រុមហ៊ុន ផានអ៊ីម៉ិច និងពលរដ្ឋសហគមន៍បុរីកីឡានេះ កាលពីថ្ងៃទី១១ មករា ឆ្នាំ២០១២។ យ៉ាងហោចណាស់ មានអ្នកភូមិបុរីកីឡាដែលមិនព្រមចាកចេញ ៣០នាក់ ក្នុងចំណោម ១១៧គ្រួសារ ត្រូវបានអាជ្ញាធរនៃសាលារាជធានីភ្នំពេញ ចាប់ឃុំខ្លួននៅមណ្ឌលកែប្រែព្រៃស្ពឺ។ ការចាប់ខ្លួននេះ ដោយសារអាជ្ញាធរចាត់ទុកថា ការតវ៉ារបស់ពលរដ្ឋបុរីកីឡា គឺប្រឆាំងទៅនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល និងក្រុមហ៊ុន ផានអ៊ីម៉ីច របស់អ្នកស្រី ស៊ុយ សុផាន៕