ថ្នាំគីមីកសិកម្មបំផ្លាញសុខភាព ទាំងអ្នកប្រើប្រាស់ និងអ្នកទទួលទាន
សារព័ត៌មាន Cambodia News
ភ្នំពេញ៖ សព្វថ្ងៃនេះ កសិផលមានដូចជាបន្លែ ស្រូវអង្ករ ផ្លែឈើជាដើមនៅលើទីផ្សារ ភាគច្រើនមានផ្ទុកសារធាតុជាតិគីមី។ កសិករខ្មែរស្ទើរគ្រប់រូបប្រើប្រាស់ថ្នាំដែលផ្ទុកសារធាតុគីមី ដែលជួយឱ្យបន្លែផ្លែឈើលូតលាស់ល្អ។ ពួកគាត់គិតថា វាជាវិធីតែមួយគត់ ធ្វើឱ្យផលដំណាំរបស់គាត់ដើរទាន់ទីផ្សារ។ តែពួកគាត់ភ្លេចគិតទៅដល់ផលប៉ះពាល់ទាំងឡាយ ទាំងអ្នកដាំទាំងអ្នកទទួលទាន។
ថ្នាំពុល ការពារដំណាំ ដែលកសិករយើងនិយមប្រើប្រាស់មាន ដូចជាថ្នាំសម្លាប់សត្វល្អិត ថ្នាំ សម្លាប់ ស្មៅ ថ្នាំជីគីមី និងថ្នាំបាញ់ ជំនួយការលូតលាស់ដល់បន្លែ និងផ្លែឈើទៅលើស្លឹក ឬដើមជាដើម។ ដូច្នេះថ្នាំពុលការពារដំណាំ គឺជាថ្នាំដែលប្រើប្រាស់សម្រាប់ សម្លាប់ ឬបណ្ដេញកត្ដាចង្រៃរបស់ ដំណាំ និងការពារកសិផលដើម្បី ជំនួយការលូតលាស់។
ថ្នាំពុលការពារ ដំណាំអាចបង្កគ្រោះថ្នាក់ដល់អ្នកដាំ ដោយជាតិពុលអាចចូលទៅក្នុងខ្លួនមនុស្សតាមច្រក៣ធំៗ គឺតាមស្បែក តាមមាត់ និងតាមផ្លូវដង្ហើម។ ការតាមស្បែក វាកើតឡើងនៅពេលដែលកសិករបាញ់ថ្នាំ ដោយមិនស្លៀកពាក់ ការពារទឹកថ្នាំប្រឡាក់ជាប់ខ្លួន ទឹកថ្នាំសើមជាប់ខោអាវ ឬជួនកាលពួកគាត់លាយថ្នាំដោយដៃទទេ។
ចំពោះការពុល តាមមាត់ កើតឡើងនៅពេលកសិករហូបចំណី ឬពិសាបារី ដោយមិនបានលាងដៃដែលប្រឡាក់ជាតិថ្នាំ និងការពុលតាមផ្លូវដង្ហើម វាកើតមានឡើងនៅពេលបាញ់ថ្នាំមិនបានពាក់ម៉ាសរុំមុខ ឬចូលកន្លែងដែលទើបនឹងបាញ់ថ្នាំហើយ។
ការពុលនេះអាចលេចចេញក្នុង រយៈពេលកន្លះម៉ោង ឬមួយម៉ោង និងអាចបន្ដរហូតដល់២៤ម៉ោង អាស្រ័យទៅតាមប្រភេទនៃថ្នាំ។ ការពុលអាចបណ្ដាលឱ្យមានអា ការឈឺក្បាល ឈឺចាប់សាច់ដុំ ហូរញើសខ្លាំង រមួលសាច់ដុំ រាករូស ពិបាកដកដង្ហើម ស្រវាំងភ្នែកជាដើម។ ករណីពុលខ្លាំងអាចប្រកាច់ ឬសន្លប់។ ដើម្បីជៀសវាងការពុល នឹងផលប៉ះពាល់ដល់អ្នកទទួលទាន លោកអ្នក ដែលជាកសិករសូមព្យាយាមប្រើជីធម្មជាតិ ជំនួសការប្រើប្រាស់ថ្នាំពុលការពារដំណាំ៕