ក្រុមតវ៉ារឿងដីធ្លី ផ្ទុះកំហឹង វាយបំផ្លាញ របងនិងកញ្ចក់បិទរូបថត មុខសាលាក្រុង
ភ្នំពេញ៖ នៅវេលាម៉ោង១និង៣០ នាទីរសៀល ថ្ងៃដដែលនេះ ក្រោយពីនាំគ្នាតវ៉ា នៅមុខ សាលារាជធានីភ្នំពេញ តាំងពីព្រឹកថ្ងៃទី២៤ ខែធ្នូ ដោយខឹងមិនមានការដោះ ស្រាយណាមួយពី អាជ្ញាធររាជ ធានីភ្នំពេញ ចំពោះបញ្ហារបស់ពួកគេ ក្នុងរឿងដីធ្លីនោះ ស្រាប់តែក្រុមតវ៉ា ដែលលាយជាមួយព្រះសង្ឃបានផ្ទុះកំហឹងកាន់ តែខ្លាំង រហូតដល់យកដុំថ្មនិងដំបងវាយបំផ្លាញ កញ្ចក់ សម្រាប់បិទរូបថតនៅមុខសាលារាជធានីភ្នំពេញ ។
ជាមួយគ្នា ក្រុមតវ៉ាបាននាំគ្នាចង់សម្រុក ចូលទៅដល់ក្នុងសាលារាជធានីភ្នំពេញ ប៉ុន្ដែ ត្រូវបានកម្លាំងសមត្ថកិច្ច ទាំងនគរបាលនិង អាវុធហត្ថ ធ្វើការរារាំងមិនឱ្យពួក គេចូលទៅ បាន។
មួយសន្ទុះក្រោយមក នៃការផ្ទុះអំពើហិង្សាជាងកន្លះម៉ោង ក្រុមតវ៉ា តាមរយៈថ្នាក់ដឹកនាំរបស់ពួកគេ បានប្រកាសដកថយត្រឡប់ទៅវិញ ធ្វើឱ្យស្ថានការណ៍ ទូទៅនៅមុខសាលារាជធានីភ្នំពេញ រៀងធូរស្រាលបន្ដិច ខណៈដែលចរាចរទូទៅរបស់ប្រជាពលរដ្ឋ ឆ្លងកាត់តាមផ្លូវមុនីវង្ស មុខសាលារាជធានី ភ្នំពេញ អាចដំណើរជាធម្មតាឡើងវិញ ៕ Cambodia News