ប្តី-ប្រពន្ធ និងកូនតូច ស្លាប់ភ្លាមៗ ដោយសារ គ្រោះថ្នាក់ចរាចរ
កណ្តាល៖ កាលពីវេលាម៉ោង ៤ និង៥៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ប្តី-ប្រពន្ធវ័យក្មេង រួមនិងកូនស្រីតូច វ័យទើប ១១ខែ បានស្លាប់ភ្លាមៗ ដោយសាររថយន្តបុកពេញ ទំហឹង ខណៈជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នានៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
-
ប្តី-ប្រពន្ធវ័យក្មេង រួមនិងកូនស្រីតូច វ័យទើប ១១ខែ បានស្លាប់ភ្លាមៗ ដោយសាររថយន្តបុកពេញ ទំហឹង ខណៈជនរងគ្រោះកំពុងជិះម៉ូតូ។ បើតាមនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរខាងលើនេះ មានឈ្មោះ សាន ចន្ធី អាយុ ២៨ឆ្នាំ ជាប្តី, ឈ្មោះ ទក សុធារី ជាប្រពន្ធ និងកូនស្រីឈ្មោះ ចន្ធី វណ្ណៈកា អាយុ ១១ខែ។ ជនរង គ្រោះអ្នកទាំង៣រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AN-0466 ក្នុងទិសដៅពីកើតទៅលិច។
ចំណែក រថយន្តបង្កហេតុម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-7185 ជារថយយន្តរបស់គ្លីនិកសម្ពពថ្នល់ទទឹង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
បើតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កហេតុ បានបើកបញ្ច្រាស ទិសជាមួយម៉ូតូ។ លុះដល់កន្លែងហេតុ ក៏ជ្រុលទៅបុកនឹងម៉ូតូជនរងគ្រោះ ដែលកំពុងឌុបប្រពន្ធ និងកូនតូចជិះពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុនគរបាលចរាចរណ៍ បានចុះវាស់វែង និងនាំយកទាំងម៉ូតូជនរងគ្រោះ និងរថយន្តបង្កហេតុទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕ Cambodia News