អ្នកកាសែតកម្ពុជាចេញផ្សាយសៀវភៅថ្មីស្ដីពីខ្មែរក្រហមសម្រាប់ជាឯកសារជំនួយស្មារតីបន្ថែមដល់សាលាក្ដីខ្មែរក្រហម
ដោយ ហេង នាង
Cambodia News
ភ្នំពេញ (៥ កក្កដា ២០១២)៖ អ្នកកាសែតកម្ពុជាមួយរូបនៅថ្ងៃព្រហស្បតិ៍នេះបានចេញផ្សាយសៀវភៅថ្មីមួយក្បាលស្ដីពីខ្មែរក្រហម ដែលមានគោលបំណងផ្ដល់ជូនសាលាក្ដីខ្មែរក្រហមនូវព័ត៌មានបន្ថែមស្ដីពីការរំលោភសិទ្ធិកុមារដ៏ធ្ងន់ធ្ងរនៅក្នុងអំឡុងពេលរបបកម្ពុជាប្រជាធិបតេយ្យនាឆ្នាំ ១៩៧៥-៧៩ ជាពេលដែលមនុស្សប្រមាណ ២ លាននាក់បានស្លាប់ដោយសារការសម្លាប់ ការធ្វើទារុណកម្ម ការអត់ឃ្លាន ជំងឺ និងការធ្វើពលកម្មហួសកម្លាំង។
សៀវភៅដែលមានកម្រាស់ ១៤៥ ទំព័រ ជាភាសាអង់គ្លេស និង ១៨៥ ទំព័រជាភាសាខ្មែរ មានចំណងជើងថា «អ្នកម្ដាយ និងកូនអង្គការ – យើងហ៊ានកម្ទេចពុកម៉ែដើម្បីអង្គការ»។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល និពន្ធនាយកសារព័ត៌មាន Cambodia News និងជាគ្រូបណ្តុះបណ្តាលសារព័ត៌មានជាយូរមកហើយនោះបាននិយាយថា សៀវភៅនេះរៀបរាប់ពីបទពិសោធន៍របស់អ្នកនិពន្ធជាមួយក្មេងជំទង់ផ្សេងៗទៀតប្រមាណ ៧០ នាក់ ដែលបានរស់នៅក្នុង «កងកុមារ ចល័ត» ក្នុងរបបវាលពិឃាដរបស់កម្ពុជាប្រជាធិបតេយ្យ។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា «សៀវភៅរំលឹកឡើងវិញពីពេលវេលាដ៏ខ្មៅងងឹត ដោយអ្នកនិពន្ធ និងមនុស្សនៅក្នុងជំនាន់របស់ខ្លួនដែលបានប្រឈមនឹងពលកម្មធ្ងន់ធ្ងរ គ្មានអាហារគ្រប់គ្រាន់ គ្មានការថែទាំសុខភាព មានការគំរាមផ្ដាច់ជីវិត ការធ្វើទារុណកម្ម និងការសម្លាប់»។
លោក សុផល បានបញ្ជាក់ថា លោកមិនដែលមានបំណងចង់ធ្វើការសងសឹកណាមួយដល់មេដឹកនាំខ្មែរក្រហមដែលកំពុងជាប់ឃុំ និងការកាត់ទោសនោះទេ ប៉ុន្តែអ្វីដែលលោករៀបរាប់នៅក្នុងសៀវភៅគឺមានចេតនាចង់បង្ហាញការពិតដែលបាននកើតមានចំពោះលោក និងសហការីជាក្មេងជំទង់របស់លោកនាសម័យកាលនោះ។
លោកបានបន្ថែមថា «ខ្ញុំគ្រាន់តែចង់ចែករំលែកទៅឲ្យកូន ចៅ និងចៅទួត…របស់ខ្ញុំផង ឲ្យជនរួមជាតិកម្ពុជាផង និងពិភពលោកផង ហើយឲ្យពួកគេបានដឹងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ និងក្មេងជំទង់ដទៃៗទៀតដែលបានរស់នៅ និងធ្វើពលកម្មជាមួយគ្នានាសម័យកាលនោះ»។
នៅក្នុងសៀវភៅនោះ លោក សុផល ក៏បានបញ្ចូលបទសម្ភាសន៍របស់លោកជាមួយមេខ្មែរដឹកនាំជាន់ខ្ពស់ និងកម្មាភិបាលខ្មែរក្រហមមួយចំនួន ហើយបានដាក់បញ្ចូលសក្ខីកម្មខ្លះរបស់ពួកគេនៅក្នុងសាលាក្តីខ្មែរក្រហមចាប់ពីចុងឆ្នាំ ២០១១ ដល់ពាក់កណ្តាលឆ្នាំ ២០១២។ ព្រះវរមហាក្ស នរោត្តម សីហនុ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុល ពត អៀង សារី អៀង ធីរិទ្ធ ខៀវ សំផន នួន ជា ព្រមទាំងបរទេសមួយចំនួនទៀតក៏ត្រូវបានដកស្រង់ព្រះរាជបន្ទូល និងសំដីនៅក្នុងសៀវភៅនោះដែរ។
នៅទំព័រក្រោយនៃសៀវភៅ អ្នកនិពន្ធបានដកស្រង់សំដីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) ដោយនិយាយថា «ខ្ញុំពេញចិត្តសៀវភៅនេះ ដែលជារឿងរ៉ាវពិតបានកើតមានឡើង។ សៀវភៅនេះធ្វើឲ្យយើងរំជួលចិត្ត ប៉ុន្តែពោរពេញដោយការលើកទឹកចិត្ត។ ទាំងនេះត្រូវការសេចក្ដីក្លាហាន ដើម្បីប្រឈមនឹងការពិត»។
លោក សុផល បាននិយាយថា ខណៈដែលលោក ឆាំង យុ បានជួយលោកក្នុងការពនិត្យខ្លឹមសាររួមនៅក្នុងសៀវភៅនេះ កញ្ញា Abby Seiff អ្នកកាសែតជនជាតិអាម៉េរិកាំងដែលធ្វើការងារនៅកាសែត The Cambodia Daily បានជួយកែសម្រួលភាសាអង់គ្លេសរបស់លោក។
ផ្នែកខ្លះនៃមាតិកានៅក្នុងសៀវភៅរួមមាន៖ ភ្នំពេញមុនការមកដល់របស់កងទ័ពខ្មែរក្រហម; ការចាកចេញពីភ្នំពេញ – ១៧ មេសា ឆ្នាំ ១៩៧៥; មកដល់ភូមិម៉ាក់; ហេតុអ្វីបានជាខ្មែរក្រហមបណ្ដេញអ្នកទីក្រុង?; អង្គការត្រូវការខ្ញុំ; កុមារជំទង់របស់អង្គការ; ទាសករវ័យក្មេងរ; ទណ្ឌកម្ម; អាពាហ៍ពិពាហ៍ចម្លែក; ឆ្កែរបួសរបស់អង្គការ; ម៉ាក់សង្រ្គោះឆ្កែរបួសរបស់អង្គការ; និងការរត់ភៀសខ្លួនពេលទ័ពវៀតណាមមកដល់។
សៀវភៅក៏បានរៀបរាប់សង្ខេបពីការកាត់ទោស ប៉ុល ពត នាយករដ្ឋមន្ត្រី និងជាបងធំទី១ និង អៀង សារី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៅក្នុងឆ្នាំ ១៩៧៩ និងជីវប្រវត្តិសង្ខេបរបស់មេដឹកនាំខ្មែរក្រហមមួយចំនួន ដូចជាប្រមុខរដ្ឋ ខៀវ សំផន បងធំទី២ នួន ជា អៀង សារី និងភរិយារបស់លោកគឺ អៀងធីរិទ្ធ ដោយរួមទាំង ឌុច ប្រធានគុកទួលស្លែងផងដែរ។
សៀវភៅនេះគឺជាស្នាដៃលើកទីពីរហើយ ដែលលោក ឆាយ សុផល បានចេញផ្សាយនាឆ្នាំនេះ។ កាលពីថ្ងៃទី ៥ មករា លោកបានចេញផ្សាយសៀវភៅដែលមានចំនួន ៣៤៦ ទំព័រមានចំណងជើងថា «ហ៊ុន សែន – នយោបាយ និងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង ៤០ ឆ្នាំ» ដែលលោកបានបញ្ជាក់ថា បានរៀបរាប់ពីអំណាចនិងនយោបាយនៅក្នុងប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ ១៩៧០ និង ឆ្នាំ ២០១១៕