អាមេរិក​ថា​សកម្មភាព​នាវា​ចម្បាំង​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជា “ទង្វើ​ខ្វះ​ការ​ទទួលខុសត្រូវ”

ភាពចម្រូងចម្រាស​ជុំវិញ​ការ​ប្រឈមមុខ​ ដាក់គ្នា រវាង​នាវាចម្បាំង​ចិន និង​នាវាចម្បាំង​អាមេរិក នៅ​សមុទ្រ​ចិន​ខាង​ត្បូង នៅតែ​បន្ត​កើតមាន។ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ឆាក់ ហេហ្គ័ល (Chuck Hagel) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ បាន​ហៅ​សកម្មភាព​របស់​យោធា​ចម្បាំង​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពីដើម​ខែ​ធ្នូ​នេះ​ថា​ជា “ទង្វើ​ខ្វះ​ការ​ទទួលខុសត្រូវ”។

សកម្មភាព​របស់​នាវាចម្បាំង​ចិន ដែល​បើក​កាត់​ពីមុខ នាវាចម្បាំង​អាមេរិក តែ​ប្រមាណ​ជា ៩០ម៉ែត្រ​ គឺ​ជា​ទង្វើ​​គ្មាន​ការទទួលខុសត្រូវ” នេះ​គឺ​ជា​ការអះអាង​របស់លោក​ឆាក់ ហេហ្គ័ល នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ ធ្វើឡើង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅ​រដ្ឋធានីវ៉ាស៊ីងតោន។

គួររំឭកឡើងវិញ ​ថា ការប្រឈមមុខ​ដាក់​គ្នា រវាង​នាវាចម្បាំង​អាមេរិក និង​នាវាចម្បាំង​ចិន បាន​កើតមាន​ឡើង កាល​ពី​ថ្ងៃ​ទី៥ ធ្នូ នៅ​ខាង​ត្បូង​កោះហៃណាន់ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបាល​អាមេរិក​​បាន​ធ្វើការ​តវ៉ា​អំពី​រឿងនេះ ទៅកាន់​មេដឹកនាំ​ចិន។ ក្រសួង​ការពារ​ជាតិ​ចិន​បាន​ទទួលស្គាល់​ថា​ពិត​ជា​មាន​ហេតុការណ៍​នេះ​មែន ហើយ​ហាក់​ព្យាយាម​និយាយ​សម្របសម្រួល ដើម្បី​បន្ធូរ​ភាព​តានតឹង។ ក៏ប៉ុន្តែ កាសែត​ផ្លូវការ​របស់​ចិន​វិញ​ បាន​ហៅ​សកម្មភាព​របស់​នាវាចម្បាំង​អាមេរិក នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា​ “ការគំរាមកំហែង​ដល់​សន្តិសុខ​ចិន”។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ​គឺ​ជាលើកទីមួយ ដែល​​​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ចេញមុខ​​ដោយ​ផ្ទាល់ រិះគន់​ចិន​ជា​​សាធារណៈ អំពី​ហេតុការណ៍ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។ លោក​ឆាក់ ហេហ្គ័ល​​បាន​បញ្ជាក់ថា សកម្មភាព​របស់​នាវាចម្បាំង​ចិន ដូច​ដែល​បាន​កើតឡើង កាល​ពី​ដើមខែ​ធ្នូ គឺ​ជា​សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់ ដែល​អាច​ជា​ផ្កាភ្លើង​​​ឆេះរាលដាល​ជា​ជម្លោះ​ធំ ហើយ​ថា ចិន និង​អាមេរិក ត្រូវ​តែ​ជជែក​គ្នា ដើម្បី​ដាក់ចេញ​នូវ​យន្តការ​រួម ដើម្បី​បញ្ចៀស​ការប៉ះទង្គិចគ្នា។

ឧត្តមសេនីយ៍ Martin Dempsey នាយអគ្គសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក ដែល​ស្ថិត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ម្សិលមិញ​នេះ​ដែរ បាន​អះអាង​ថា មន្រ្តី​យោធា​​អាមេរិក និង​ចិន​បាន​បង្កើត​ជា​ក្រុមការងារ​មួយ​រួចហើយ ដើម្បី​ជជែក​អំពី​វិធាន​រួម ដែល​​កងទ័ព​ទាំងសងខាង​ត្រូវ​អនុវត្ត ក្នុងករណី​មាន​ការ​ប្រទះ​គ្នា​នៅ​ទីសមុទ្រ ឬ​នៅ​លើ​អាកាស ឬ​នៅ​ក្នុង​ទីអវកាស៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close