នៅរសៀលថ្ងៃនេះ បក្សប្រឆាំង គ្រោងហែក្បួនបាតុកម្ម ដោយប្រើម៉ូតូ១.០០០គ្រឿង
ភ្នំពេញ៖ នៅម៉ោង ៥ ល្ងាចថ្ងៃទី ១៨ធ្នូនេះ គណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើការហែក្បួនបាតុកម្មដោយប្រើម៉ូតូ ចំនួន ១.០០០ គ្រឿង ដោយហែតាមផ្លូវលេខ៥១ ផ្លូវ៣៧០ ខាងជើងផ្សារបឹងកេងកង ផ្លូវលេខ៥៧ ឆ្ពោះទៅផ្លូវម៉ៅសេទុង រួចបំបែកនៅមុខសួនច្បារមហោស្រពមជ្ឈមណ្ឌលភ្នំពេញ ( ចេនឡា ) ដោយមិនវិលចូលទៅទីលានប្រជាធិបតេយ្យវិញឡើយ។
សេចក្ដីរាយការណ៍ ពីទីលានប្រជាធិបតេយ្យ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃពុធទី១៨ធ្នូនេះ គណបក្សសង្គ្រោះជាតិ បានបន្ត ចាប់ផ្តើមធ្វើបាតុកម្មសម្រាប់ថ្ងៃទី៤ របស់ខ្លួន តាមរយ:ការជួបជុំ នៅទីលានប្រជាធិបតេយ្យ ដូចគ្រោងការ ទុក ប៉ុន្តែសម្រាប់ព្រឹកនេះ សង្កេតឃើញបាតុករ ប្រមូលផ្តុំ មិនសូវច្រើនទេ។
លោក ម៉ៅ មុនីវណ្ណ ប្រធានស្តីទីគណៈកម្មការរៀបចំបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា តាមកម្មវិធីរហូតដល់ម៉ោង ៤ រសៀល ទើបមានការជួបជុំ ដោយថ្លែងការណ៍ពីបេក្ខជនជាប់ឆ្នោត និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មុននឹងហែក្បួនចេញពីទីលានប្រជាធិបតេយ្យ៕ Cambodia News