បក្សប្រឆាំងអូស្ត្រាលីថា អូស្រ្តាលីអាចមានបញ្ហាទំនាក់ទំនងជាមួយឥណ្ឌូណេស៊ីជាបន្តទៀត
គណបក្សប្រឆាំងអូស្ត្រាលីនិយាយថា បញ្ហាទាក់ទងជនភៀសខ្លួនដែលស្វែងរកសិទ្ធជ្រកកោននៅអូស្ត្រាលី នឹងនាំឲ្យលោកTony Abbott ប្រឈមមុខនឹងទំនាក់ទំនងដែលកាន់តែអាក្រក់ទៅជាមួយប្រទេសឥណ្ឌូណេស៊ី។ នេះដោយសារតែលោក Tony Abbott បាន ស្នើយោបល់ថា វាដល់ពេលចាំបាច់ដែលប្រទេសឥណ្ឌូណេស៊ីចាប់ផ្តើមបន្តកិច្ចសហការ ជាមួយអូស្ត្រាលីទាក់ទងនឹងការនាំមនុស្សមកកាន់អូស្ត្រាលីដោយខុស ច្បាប់។
សូម រំលឹកថា ប្រទេសឥណ្ឌូណេស៊ី បានផ្តាច់សហប្រតិ្តបត្តិការជាមួយអូស្ត្រាលីបន្ទាប់ពីប្រទេសនេះដឹង ថាប្រទេសអូស្ត្រាលីបានធ្វើចារកម្មលើប្រទេសខ្លួនកាលពីឆ្នាំ ២០០៩ ដោយផ្តោតលើការសន្ទនាតាមទូរស័ព្ទនៃថ្នាក់ដឹកនាំរបស់លោក ប្រធានាធិបតីឥណ្ឌូណេស៊ី រួមទាំងភរិយាលោកផងដែរ។
ក្នុងសន្និសីទកាសែតមួយបន្ទាប់ពីកាន់តំណែងបានមួយរយថ្ងៃ លោក Tony Abbott បាន ពិពណ៌នាសេចក្តីសម្រេចចិត្តរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការផ្អាក កិច្ចសហការយោធាជាមួយអូស្ត្រាលីថា ពិតជាមិនបានជួយអ្វីទាំងអស់ ហើយលោកបានទទួចឲ្យប្រទេសឥណ្ឌូណេស៊ីបន្តកិច្ចសហប្រតិបត្តិការ ជាថ្មី៕ (Radio Australia)