នាយករដ្ឋមន្ត្រី​ជប៉ុន​មិន​បាន​​បង្ហាញ​វិប្បដិសារី​​​​ចំពោះ​ភាព​ឈឺចាប់​ដែល​ជប៉ុន​បង្ក​នៅ​សម័យ​សង្គ្រាមលោក​

ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​សីហា​នេះ ជា​​ខួប​​ទី​៦៨​​រំលឹក​​​ការ​ចុះចាញ់​​របស់ប្រទេស​ជប៉ុន ក្នុង​សង្គ្រាម​លោក​លើកទីពីរ ដែល​បាន​បញ្ចប់​ទៅ​ កាលពី​ឆ្នាំ​១៩៤៥។ ​ខុស​ពី​ទំលាប់​រាល់ដង នាយករដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe មិន​បាន​សំដែង​ការ​សោកស្តាយ​​ចំពោះ​ការឈឺចាប់​​ដែល​​ជប៉ុន​បាន​បង្កឡើង​ ក្នុង​សម័យសង្គ្រាម​លោក​លើកទីពីរ​ ទៅលើ​​បណ្តា​ប្រទេស​ជិតខាង​​ខ្លួន នៅ​អាស៊ី​ នោះទេ។​ លោក​អាបេ​ គ្រាន់​តែ​​​រំលឹក​វិញ្ញាណក្ខ័ន្ធ​​ជន​រងគ្រោះ​សម័យ​​សង្គ្រាម​ និង​អំពាវនាវ​អោយ​មាន​សុខ​សន្តិភាព​តែប៉ុណ្ណោះ។

ជាង ​២០​ឆ្នាំ​មកនេះ នា​ឱកាស​រំលឹក​ខួប​​នៃ​ការចុះចាញ់​របស់​កងទ័ព​ជប៉ុន​ នៅ​សម័យ​សង្គ្រាម​​លោក​ នាយករដ្ឋមន្ត្រី​ជប៉ុន​នានា តែង​តែ​សំដែង​​វិប្បដិសារី​ចំពោះ​ភាព​ឈឺចាប់​ និង​ការ​ជិះជាន់​​ដែល​​ជប៉ុន​បាន​បង្កឡើង ទៅ​លើ​បណ្តា​ប្រទេស​ជិតខាង​ខ្លួន​ នៅ​អាស៊ី ដូច​ជា​ចិន រឺ​ក៏​កូរ៉េ​ជាដើម។

នៅ​ឆ្នាំ​ ២០១៣​នេះ ខុសពី​ទំលាប់​សព្វដង នាយករដ្ឋមន្ត្រីជប៉ុន​ Shinzo Abe មិន​បាន​បង្ហាញ​ការ​សោកស្តាយ​អ្វី​ទាំងអស់ ក្រៅ​តែ​ពី​រំលឹក​ដល់​វិញ្ញាណក្ខ័ន្ធ​ជនជាតិ​ជប៉ុន ដែល​បាន​​រងគ្រោះ​នៅ​សម័យ​សង្គ្រាម។ ផ្ទុយ​ទៅវិញ លោក​អាបេ​នេះឯង​ ​ធ្លាប់​បាន​សំដែង​ការ​សោកស្តាយ​ កាលពី​​​កំឡុង​ឆ្នាំ​២០០៦-២០០៧ រួច​មក​ហើយ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ នៅ​ក្រុង​តូក្យូ មុន​ពេល​​​លោក​អាបេ​ ធ្វើ​សន្ទរកថា​​​​ក្នុង​ខួប​ប្រវត្តិសាស្ត្រ​នេះ រដ្ឋមន្ត្រី​នានា​នៃ​រដ្ឋាភិបាល​ជប៉ុន​បាន​នាំគ្នា​ទៅកាន់​កន្លែង​ គោរពវិញ្ញាណក្ខ័ន្ធ​​​ Yasukuni ដើម្បី​​គោរព​វិញ្ញាណក្ខ័ន្ធ​ជនរងគ្រោះ​ សម័យសង្គ្រាម​លោក។ លោក​អាបេ​ មិន​បាន​ទៅកាន់​ទីនោះ​ទេ ប៉ុន្តែ​បាន​ផ្ញើ​​ធាង​ឈើ​សក្ការៈ​បូជា​មួយដើម​​​ អោយ​​ដាក់​តំកល់​នៅទីនោះ។

គួររំលឹក​ថា បណ្តា​ប្រទេស​ជិតខាង​ជប៉ុន ចាត់​ទុក​ យ៉ាស៊ូគូនី ជា​​កន្លែង​និមិត្តរូប​នៃ​អតីតកាល​​​កងទ័ព​ជប៉ុនដែល​ធ្លាប់​​​ធ្វើអាណានិគម​ នៅ​អាស៊ី។ សំរាប់​ជប៉ុន​ យ៉ាស៊ូគូនី​នេះ​ សង់ឡើង​ដើម្បី​​រំលឹក​វិញ្ញាណក្ខ័ន្ធ​ជនជាតិ​ជប៉ុន​ដែល​បាន​ពលី​ជីវិត​ សំរាប់​ព្រះចៅ​អធីរាជ​ជប៉ុន។ នៅ​ទីនោះ​​​ មាន​ចារ​ឈ្មោះមនុស្ស​ជាងពីរលាន​នាក់ ដែល​បាន​ស្លាប់​ចន្លោះ​ឆ្នាំ​ ១៨៦៨ និង​ឆ្នាំ​១៩៥១ ក្នុង​នោះ​ក៏​មាន​ឈ្មោះ​ឧក្រិដ្ឋជន​សង្គ្រាម​១៤នាក់ ដែល​ប្រទេស​សម្ព័ន្ធមិត្ត​នានា បាន​​ថ្កោលទោស​ផងដែរ។​

ក្រសួង​ការបរទេស​ចិន បាន​ថ្កោលទោស​​​រដ្ឋមន្ត្រី​ជប៉ុន​​នានា ដែល​បាន​​ចូលទៅ​​ ​យ៉ាស៊ូគូនី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ចិន​បាន​កោះហៅ​ឯក​អគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ចិន អោយ​ចូលជួប​បំភ្លឺ​បញ្ហា​នេះ។ ក្រុងប៉េកាំង​​បាន​ដាស់​តឿន​​ជប៉ុន​អោយ​ពិចារណា​អោយ​បាន​ជ្រាលជ្រៅ​ ចំពោះ​អតីតកាល​ខ្លួន បើ​មិន​ដូច្នោះទេ ទំនាក់ទំនង​រវាង​ជប៉ុន​និង​បណ្តា​ប្រទេស​ជិតខាង នឹង​គ្មាន​អនាគត​ល្អឡើយ។

គួរ​រំលឹក​ថា ទំនាក់ទំនង​រវាង​ជប៉ុន​ និង​បណ្តា​ប្រទេស​អាស៊ី​ជិតខាង​ ដិតដាម​ដោយ​អនុស្សាវរីយ៍​​ជូរចត់ ដោយសារ​តែ​​កងទ័ព​​​អធិរាជ​ជប៉ុន​ធ្លាប់​បាន​បង្ក​អំពើ​ព្រៃផ្សៃ ទៅលើ​ប្រទេស​​ទាំងនោះ ពិសេស​នៅពេល​ដែល​ជប៉ុន​បាន​ដាក់អាណានិគម​ខ្លួន​ នៅ​ឧបទ្វីបកូរ៉េ​ចន្លោះ​ឆ្នាំ​១០១០ និង​ឆ្នាំ​១៩៤៥ និង​នៅ​ចិន ពី​ឆ្នាំ​១៩៣១ ដល់​ឆ្នាំ​១៩៤៥៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close