មេដឹកនាំក្រុមអាវក្រហមប្រកាសត្រៀមចេញធ្វើបាតុកម្មគាំទ្ររដ្ឋាភិបាលយីងឡាក់
នៅថ្ងៃ ពុធនេះ មេដឹកនាំក្រុមអាវក្រហម ដែលគាំទ្រលោកថាក់ស៊ីន បានប្រកាសថា ពួកគេត្រៀមខ្លួនរូចជាស្រេច ក្នុងការចេញធ្វើបាតុកម្ម ដើម្បីគាំទ្ររដ្ឋាភិបាលរបស់លោកស្រីយីងឡាក់។ ការព្រមានធ្វើបាតុកម្មនេះ ត្រូវបានធ្វើឡើង ក្រោយពីក្រុមប្រឆាំងបានទាមទារឲ្យចាប់ខ្លួនលោកស្រីយីងឡាក់ យកទៅកាត់ទោសពីបទក្បត់ជាតិ។
លោកចតុផន ព្រំផាន (Jatuporn Promphan) មេដឹកនាំក្រុមអាវក្រហម បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃពុធនេះថា ពួកគេអាចនឹងប្រមូលផ្តុំគ្នាចេញធ្វើបាតុកម្ម ដើម្បីគាំទ្ររដ្ឋាភិបាល ហើយបង្ហាញឲ្យគេឃើញថា ក្រុមអ្នកគាំទ្ររដ្ឋាភិបាលមានចំនួនច្រើនជាងក្រុមអ្នកប្រឆាំង។
ការគំរាមចេញធ្វើបាតុកម្មដោយក្រុមអាវក្រហមនេះ ជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីគ្រោះថ្នាក់ នៅក្នុងវិបត្តិនយោបាយថៃបច្ចុប្បន្ន ដែលអាចឈានទៅដល់ការប្រឈមមុខដាក់គ្នា ដោយអំពើហិង្សា រវាងក្រុមប្រឆាំង និងក្រុមគាំទ្ររដ្ឋាភិបាលដឹកនាំដោយលោកស្រីយីងឡាក់។
មេដឹកនាំក្រុមអាវក្រហមព្រមានដឹកនាំបាតុកម្មគាំទ្ររដ្ឋាភិបាល នៅក្រោយពេលដែលមេដឹកនាំក្រុមប្រឆាំង គឺលោកស៊ុថេប ធៀកសុបាន បានប្រកាសទាមទារឲ្យប៉ូលិសចាប់ខ្លួនលោកស្រីយីងឡាក់ យកមកកាត់ទោសពីបទក្បត់ជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោកស្រីយីងឡាក់ បានសុខចិត្តរំលាយសភា ហើយរៀបចំការបោះឆ្នោតឡើងវិញ។ បច្ចុប្បន្ន លោកស្រីនៅជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចាំផ្ទះ ទម្រាំដល់ពេលមានការបោះឆ្នោតថ្មី នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤។ ក៏ប៉ុន្តែ ក្រុមប្រឆាំងបានទាមទារឲ្យលោកស្រីចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី ចាំផ្ទះ ហើយទាមទារឲ្យក្រុមគ្រួសារស៊ីណាវ៉ាត់ទាំងអស់និរទេសខ្លួនចេញពី ប្រទេសថៃ។
កាលពីថ្ងៃចន្ទ លោកស៊ុថេប បានប្រកាសទុកពេល ២៤ម៉ោង ឲ្យលោកស្រីយីងឡាក់លាឈប់ ក៏ប៉ុន្តែ ការទាមទារនេះត្រូវបានលោកស្រីយីងឡាក់ច្រានចោល កាលពីថ្ងៃអង្គារម្សិលមិញ។ ហេតុដូច្នេះហើយបានជា នៅថ្ងៃពុធនេះ លោកស៊ុថេបបានប្រកាសស្នើឲ្យប៉ូលិសចាប់ខ្លួនលោកស្រីយីងឡាក់ ពីបទក្បត់ជាតិ ក្នុងហេតុផលថា លោកស្រីមិនស្តាប់បញ្ជារបស់ប្រជាជន។
ក៏ប៉ុន្តែ មេដឹកនាំក្រុមអាវក្រហមបានព្រមានតបទៅលោកស៊ុថេបវិញថា មុននឹងនិយាយអ្វីមួយ លោកស៊ុថេបគួរតែនឹកចាំថា មានប្រជាជនថៃរាប់លាននាក់ ដែលស្រឡាញ់លោកថាក់ស៊ីន និងគ្រួសារស៊ីណាវ៉ាត់ ហើយថា លោកស៊ុថេប មិនមានសិទ្ធិអំណាចអ្វី ដែលអាចនិយាយក្នុងនាមប្រជាជនថៃទូទៅបាននោះទេ។
គួររំឭកឡើងវិញថា លោកស៊ុថេប ធៀកសុបាន គឺជាអតីតឧបនាយករដ្ឋមន្រ្តី និងជាអតីតតំណាងរាស្រ្តមកពីគណបក្សប្រឆាំង ដែលមានឈ្មោះថា “គណបក្សប្រជាធិបតេយ្យ” ក៏ប៉ុន្តែ បដិសេធដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ហើយផ្ទុយទៅវិញ ទាមទារឲ្យផ្តល់អំណាចរដ្ឋទៅឲ្យ “ក្រុមប្រឹក្សាប្រជាជន” ដែលមិនកើតចេញពីការបោះឆ្នោតទៅវិញ៕ដោយ សេង ឌីណា (RFI)