ស៊ីរី៖ អ្នកកាសែត​ជប៉ុន​ម្នាក់​ស្លាប់​នៅ Alep ឯ​លោក​អូបាម៉ា​ព្រមាន​ប្រើ​កម្លាំង​ទ័ព

កាលពីថ្ងៃចន្ទម្សិលមិញ លោកអូបាម៉ាបានព្រមានរដ្ឋាភិបាលស៊ីរីថា អាមេរិកអាច នឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើស៊ីរីប្រើអាវុធគីមីទៅលើក្រុមប្រឆាំង។ លោក អូបាម៉ា ក៏បានទាមទារផងដែរឲ្យលោកបាស្ហា អាល់អាសាដ ចុះចេញពីតំណែង ដើម្បី បើកផ្លូវឲ្យមានដំណោះស្រាយនយោបាយបញ្ចប់វិបត្តិស៊ីរី។ ក្នុងពេលជាមួយ គ្នា អ្នកកាសែតជប៉ុនម្នាក់បានបាត់បង់ជីវិត នៅពេលកំពុងយកការណ៍នៅក្នុងទីក្រុង Alep។

លោកអូបាម៉ាបានព្រមានលោកបាស្ហា អាល់អាសាដថា លោកមិនបានបញ្ជាឲ្យកង ទ័ពអាមេរិកចូលអន្តរាគមន៍នៅស៊ីរីទេនៅពេលនេះ ក៏ប៉ុន្តែ លោកអាចនឹងប្តូរចិត្ត ប្រសិនបើរដ្ឋាភិបាលស៊ីរីធ្វើហួសដែនកំណត់ ហើយដែនកំណត់នេះ គឺអាវុធគីមី។ លោកអូបាម៉ាបានបញ្ជាក់ថា អាមេរិកនៅតាមដានជាប់ជានិច្ចស្ថានភាពនៅស៊ីរី ហើយបានរៀបចំផែនការបម្រុងទុកជាស្រេច ដើម្បីចូលធ្វើអន្តរាគមន៍ ប្រសិនបើ កងកម្លាំងរបស់លោកអាសាដប្រើអាវុធគីមី ឬក៏ចល័តអាវុធគីមី ដែលមើលទៅ ជា ការចល័ត ក្នុងលក្ខណៈត្រៀមប្រើប្រាស់។

គួររំឭកឡើងវិញថា កាលពីខែកក្កដា កន្លងទៅនេះ រដ្ឋាភិបាលស៊ីរីបានទទួលស្គាល់ ជាសាធារណៈថា ខ្លួនពិតជាមានអាវុធគីមីមែន ហើយស៊ីរីនឹងប្រើអាវុធទាំងនេះ ក្នុង ករណីមានអន្តរាគមន៍យោធាបរទេស។

ជាថ្មីម្តងទៀត អាមេរិកនិងបារាំងបានទាមទារថា លោកបាស្ហា អាល់អាសាដ ចាំបាច់ ត្រូវតែចុះចេញពីតំណែង ដើម្បីបើកផ្លូវឲ្យមានដំណោះស្រាយតាមផ្លូវនយោបាយ បញ្ចប់វិបត្តិស៊ីរី ដែលបានអូសបន្លាយពេល ប្រមាណ ១៧ខែមកនេះ។

នៅក្នុងប្រទេសស៊ីរីឯណោះវិញ ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និង កងកម្លាំងឧទ្ទាម នៅបន្តធ្វើជារៀងរាល់ថ្ងៃ។ កាលពីម្សិលមិញ ស្រ្តីអ្នកកាសែតជន ជាតិជប៉ុនម្នាក់បានស្លាប់នៅពេលកំពុងយកការណ៍ នៅក្នុងទីក្រុង Alep។ លោកស្រី មីកា យ៉ាម៉ាម៉ូតូ (Mika Yamamoto) ក្នុងវ័យ ៤៥ឆ្នាំ គឺជាអ្នកយកការណ៍ឲ្យទីភ្នាក់ ងារសារព័ត៌មានជប៉ុនមួយ ឈ្មោះ Japan Press។ នៅព្រឹកថ្ងៃអង្គារនេះ ក្រសួងការ បរទេសជប៉ុនបានបញ្ជាក់ថា លោកស្រី មីកា យ៉ាម៉ាម៉ូតូ ស្លាប់ នៅក្នុងពេលកំពុងធ្វើ ដំណើរជាមួយកងឧទ្ទាមស៊ីរី។

ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុពិតប្រាកដនៃ ការស្លាប់នេះ នៅឡើយទេ។ តាមប្រភពព័ត៌មានខ្លះថា លោកស្រីយ៉ាម៉ាម៉ូតូស្លាប់ ដោយត្រូវគ្រាប់ផ្លោង។ ក៏ប៉ុន្តែ បើយោងតាមអ្នកកាសែតជប៉ុនម្នាក់ទៀត ដែលនៅ កន្លែងកើតហេតុ លោកស្រីយ៉ាម៉ាម៉ូតូ ទំនងជាត្រូវទាហានរដ្ឋាភិបាលស៊ីរីបាញ់ សម្លាប់។

អង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានមូលដ្ឋាននៅអង់គ្លេស បានឲ្យដឹងថា កាលពី ម្សិលមិញនេះ ក្រៅពីលោកស្រីមីកា យ៉ាម៉ាម៉ូតូ នៅមានអ្នកកាសែតបរទេសបីនាក់ ទៀត ដែលបានបាត់ខ្លួន នៅ Alep។

គួរបញ្ជាក់ថា លោកស្រីមីកា យ៉ាម៉ាម៉ូតូ គឺជាអ្នកកាសែតបរទេសទី៤ហើយ ដែល បាន បាត់បង់ជីវិត ក្នុងពេលកំពុងយកការណ៍នៅស៊ីរី ចាប់តាំងផ្ទុះវិបត្តិ នៅខែមីនា ឆ្នាំ២០១១មក។ អ្នកកាសែតបរទេស៣នាក់ផ្សេងទៀត រួមមានអ្នកកាសែតបារាំង ២នាក់ និងអ្នកកាសែតអាមេរិកម្នាក់ បានស្លាប់ដោយគ្រាប់ផ្លោង នៅក្នុងទីក្រុង Homs កាលពីខែមករា និងខែកុម្ភៈកន្លងទៅ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close