ពេជ្រ សោភា កំពុងបាត់បង់អ្នកគាំទ្រ
ភ្នំពេញ៖ តារាចម្រៀងជើងយូរ ល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស នាង ពេជ្រ សោភា គឺជាតារាស្រី មួយ ដួង ក្នុងចំណោមតារា ឯទៀត របស់ខ្មែរ ធ្លាប់ទទួលបាន នូវប្រជាប្រិយភាពខ្លាំងក្លា ពីសំណាក់ទស្សនិកជន តាម រយៈទឹកដមសំឡេងក្រអួនក្រអៅ និងមានរូបសម្រស់ ស្រស់សោភា ពេលនេះហាក់បង្ហាញនូវភាព ចុះខ្សោយ ប្រជាប្រិយភាព និងការគាំទ្របន្តិច ខណៈបទចម្រៀងរបស់នាង ហាក់ពុំសូវស្ថិតក្នុងបេះដូង ស្រទាប់យុវវ័យ ដូចកាលពីប៉ុន្មានឆ្នាំមុនឡើយ។
តារាចម្រៀង ជ្រកក្រោមដំបូលផលិតកម្ម ហងស្សមាស ឡើងចង់ដុះស្លែទៅហើយ កញ្ញា ពេជ្រ សោភា ត្រូវបាន អ្នកនិយមតាមដាន វិស័យសិល្បៈមើលឃើញថា ក្រោយភាពជាប់គាំង គ្មានបទចម្រៀងផ្ទុះ មួយរយៈពេលមក នោះ គឺភាពល្បីល្បាញរបស់នាង ហាក់ដូចជាមិនបានរក្សា រឹងមាំបានដូចមុនទៀតឡើយ ពោលគឺអាចនិយាយ បានថា ទៅថ្ងៃមុខអាច នឹងត្រូវធ្លាក់ចុះប្រជាប្រិយភាពបន្តិចម្តងៗ ស្របពេលដែលផលិតកម្ម ហង្សមាស បច្ចុប្បន្ន កំពុង តែសម្រុកចេញបទចម្រៀងថ្មី ទៅឲ្យតារាចម្រៀងក្មេងៗជាច្រើនដួង ទើបតែចូលមកជ្រកក្រោម ដំបូល របស់ខ្លួន។
ប្រភពខ្លះបានលើកឡើង ស្រដៀងគ្នាថា នៅពេលខាងមុខទៀត តើតារាចម្រៀង ពេជ្រ សោភា អាចរក្សាបាន ឥទ្ធិពល នៃការគាំទ្រ ក៏ដូចជាប្រជាប្រិយភាព បានឬយ៉ាងណា? បើទោះជាបទចម្រៀងរបស់នាង បានចេញវាយ លុកទីផ្សារ ជាហូរហែ ក៏ពិតមែន ប៉ុន្តែហាក់មិនសូវទទួលបាន ការគាំទ្រខ្លាំង ពីមហាជន ដូចពេលមុនៗឡើយ ។
ប៉ុន្តែប្រការដែល សំខាន់ជាងនេះ រាល់តារាចម្រៀង និងតារាសម្តែងទាំងអស់ ក៏ត្រូវគិតឡើងវិញ អំពីការរៀបចំ អត្តចរិក ឬក៏ឭកពារ ដែលមើលទៅស័ក្តិសម សម្រាប់ខ្សែភ្នែកមហាជន ជាអ្នកគាំទ្រ បើមិនដូច្នោះទេ ភាពល្បី និងកេរ្តិ៍ឈ្មោះក៏ងាយនឹង របេះបាត់ទៅវិញ នៅពេលណាមួយ ជាមិនខានឡើយ៕ ស.រ/Cambodia News