ស្រ្តីម្នាក់ចាក់សម្លាប់ខ្លួនឯង ក្រោយពីសម្លាប់ កូនប្រុស និងកូនស្រី
ភ្នំពេញ៖ នៅពាក់កណ្តាល អាធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានការភ្ញាក់ផ្អើលមួយដោយស្រ្តីជាម្តាយ បានដាច់ចិត្តចាក់ សម្លាប់កូន ប្រុសអាយុ៥ឆ្នាំស្លាប់ និងកូនស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់ កំពុងជួយសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត ។ក្រោយចាក់សម្លាប់ កូនប្រុស កូនស្រី ខ្លួនឯងរួចហើយ ស្រ្តីជាម្តាយរូបនេះ បានចាក់សម្លាប់ខ្លួនឯង តាមក្រោយតែម្តង។
ភ្លាមៗនោះ ជីដូនដែលនៅក្នុងផ្ទះ ជាមួយគ្នាបានដឹងទាន់ ក៏ជួយឃាត់ ហើយដឹកបញ្ជូន កូនស្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ទាំងយប់ដោយធ្វើដំណើរទៅជាមួយ កូនស្រីម្នាក់ទៀត ហើយចាក់សោរផ្ទះ ដោយទុកឲ្យស្រ្តីជាម្តាយ នៅជាមួយកូនប្រុស រងគ្រោះ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ស្រ្តីជាម្តាយ មានឈ្មោះ សុខ លីតា អាយុ៤១ឆ្នាំ ដោយឡែក កូនប្រុសដែលស្លាប់ មានឈ្មោះ សេង អាមីសីល អាយុ៥ឆ្នាំ និងកូនស្រីដែលរងរបួសធ្ងន់ មានឈ្មោះ សេង ប៊ុនរ៉ាវី។
សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល បានឲ្យដឹង ថា នៅវេលាម៉ោង ប្រមាណ ១យប់ រំលងអាធ្រាត្រ ចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ស្រ្តីជាម្តាយអាយុ៤១ឆ្នាំ បាននិយាយទូរស័ព្ទជាមួយប្តី ដែលនៅក្រៅប្រទេស រួចហើយ ទំនងសុំលុយប្តីមិនបាន ក៏ខឹង ហើយបែកគំនិត ចាក់សម្លាប់កូនស្រីអាយុ១៧ឆ្នាំ របស់ខ្លួន។
សេចក្តីរាយការណ៍ បានបន្តទៀតថា នៅវេលាម៉ោងប្រមាណ ៦ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣នេះ នៅពេលសមត្ថកិច្ច និងសាច់ញាតិបានបើកទ្វារផ្ទះជនរងគ្រោះ ស្លាប់នៅក្នុងថ្លុកឈាម បាត់ទៅហើយ ពោលស្រ្តីជាម្តាយបានចាក់សម្លាប់ កូនប្រុសខ្លួនឯង រួចហើយ ក៏ចាក់សម្លាប់ខ្លួនឯង តាមក្រោយតែម្តង៕ ដោយ៖ Cambodia News