ពៅ សុជាតា ក្រោយរៀបការនៅតែប្រឡូកសិល្បៈ
ភ្នំពេញ៖ តារាចម្រៀងសាច់សខ្ចី មានប្រភពមកពីខេត្តព្រៃវែង នាង ពៅ សុជាតា បានសម្រេចចូលរោងការជាមួយលោក ជា បុណ្ណាវឌ្ឍន៍ មានតួនាទីជាមន្ត្រីប៉ូលិស បម្រើការងារនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ វិច្ឆិកា ២០១៣ ។
ពិធីជប់លៀងភ្ញៀវកិត្តិយសធ្វើឡើងនៅមជ្ឈមណ្ឌល កោះពេជ្រ អាគារF ដោយមានអ្នកសិល្បៈល្បីៗឈ្មោះមួយចំនួន ចូលរួមជូនពរជ័យ ដូចជាអ្នកនាង ឈួន សុវណ្ណឆៃ ឈួន ស្រីម៉ៅ ម៉ៅ ស៊ីណាត កញ្ញាផន ស្រីខួច អ្នកនាង សួន ចន្ថា អ្នកនាងខៀវ សុខារ៉ាវី អ្នកនាង កែវ បូរ៉ា លោក អៀង ស៊ីថុល នាយផ្លាទីន លោក អេឡិច ចិន្ត្រា លោក ករុណា ពេជ្រ លោក សាយ សៀរ៉ា កញ្ញា វី ឌីណែត ព្រមទាំងតារាផ្សេងទៀត ។
នាឱកាសថ្ងៃពិសេសនេះដែរ ពៅ សុជាតា ដែលជាកូនក្រមុំប្រកបដោយរូបសម្បត្តិស្រស់ផូផង់ លើសថ្ងៃនានា បញ្ជាក់ថា នាងសូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមពិធីមង្គលការនាងនិងស្វាមី ។ ក្រោយរៀបការនាងនឹងសម្រេចចិត្តយកកូន ឱ្យបានកាន់តែឆាប់កាន់តែល្អ ព្រោះល្មមដល់ពេលក្លាយជាម្តាយគេហើយ ណាមួយអាយុក៏ចេះតែមុខ ។
ទាក់ទិននឹងការងារសិល្បៈ ទោះជានាងមានប្តី មានគ្រួសារមែន តែសិល្បៈនៅប្រឡូកដដែលដូចពីមុន គឺមិនបោះបង់ចោលឡើយ ។ មានតែសិល្បៈនេះហើយ ជួយឱ្យនាងល្បីមានគេស្គាល់ ហើយសូមបងប្អូនទាំងអស់ជួយគាំទ្រនាងបន្តទៀត ដើម្បីជាកម្លាំងចិត្ត ៕ ស.រ/Cambodia News