ទឹម រដ្ឋា ស្នេហ៍ខ្ញុំមិនមែនឧញ៉ាទេ
ភ្នំពេញ៖ កន្លងមកតែង មានពាក្យចចាមអារ៉ាមថា តារាស្រី ដែលមានប្រភពមកពីខេត្តបាត់ដំបង រូបនេះ ធ្លាប់មានទំនាក់ទំនងស្នេហ៍ជាមួយនឹងតារារួមខេត្តគឺ លោក ប៉ែន ចំរ៉ុង ហើយថែមទាំងល្បីថា តារាទាំងពីររួមរស់ក្រោមដំបូលតែមួយទៀតផង។ ប៉ុន្តែក្រោយពេលស្នេហានោះបែកបាក់ បែរជាល្បីថា រដ្ឋា មានទំនាក់ទំនងជាមួយនឹងកូនថៅកែផ្សារផេនសល ដោយគេថែមទាំងបានឃើញនាងបណ្តើរគ្នាជាញឹកញាប់ទៀតផង។
រំលង អស់រយៈពេលប្រហែលជាងមួយឆ្នាំ ក៏មានបណ្តាសារព័ត៌មានក្នុងស្រុកចុះថា ទឹម រដ្ឋា មានស្នេហ៍ជាមួយនឹងថៅកែឃ្លាំងឡាន ហើយមួយរយៈចុងក្រោយក៏លេចឮនាងមានស្នេហាជាមួយបុរសឥណ្ឌា ហើយនៅពេលនេះមានគេថា នាងមានចំណងស្នេហ៍ជាមួយនឹងបុរសមានងារជាឧកញ៉ា។
ផ្តល់បទសម្ភាស ទឹម រដ្ឋា មិនបាននិយាយដល់អតីតចំណងស្នេហ៍នោះទេ តែនាងសុំធ្វើការបញ្ជាក់ថា នៅពេលនេះនាងមិនមែនជាមនុស្សនៅទំនេរនោះទេ ពោលគឺនាងមានរូបបុរសម្នាក់ដិតដាមស្នាមស្នេហ៍នៅក្នុង បេះដូង រួចហើយ តែតារាស្រីទើបឡើងកូដក្លាយជាពិធីការិនីនៅទូរទស្សន៍ល្បី រូបនេះ បានអះអាងថា បុរសដែលជាគូស្នេហ៍របស់នាងនៅពេលនេះ មិនមែនជាលោកឧកញ៉ាណាម្នាក់នោះទេ។
តារាបង្ហាញម៉ូដ វ័យ២៧ឆ្នាំ ដែលផ្តើមភាពល្បីល្បាញតាមរយៈបទ «ចាំទាំងត្រដរ» របស់ ឆន សុវណ្ណរាជ រូបនេះ និយាយថា៖ «នៅឆ្នាំនេះ ខ្ញុំមានអាយុ២៧ឆ្នាំហើយ ហើយក៏មិនមែនរស់នៅអត់គូដែរ គឺនៅពេលនេះ ខ្ញុំមានបុរសដែលខ្ញុំស្រឡាញ់ហើយ តែខ្ញុំសុំសិទ្ធិមិនបកស្រាយអ្វីវែងឆ្ងាយទេ គ្រាន់តែចង់ប្រាប់ថា បុរសម្នាក់នោះ មិនមែនជាឧកញ៉ាអីនោះទេ គេជាអ្នករកស៊ីម្នាក់ប៉ុណ្ណោះ»៕ ស.រ/Cambodia News