អ្នករស់នៅភូមិបឹងកក់ ទារសំណងបន្ថែម ពីសាលារាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ចការនេះ អ្នករស់នៅភូមិ បឹងកក់ប្រមាណ ៥០-៦០នាក់ តំណាងឲ្យជាង១០០០គ្រួសារ បានប្រមូលផ្តុំគ្នាមុខសាលារាជធានី ភ្នំពេញជាថ្មី ដើម្បីទាមទារជំរុញឱ្យដំណោះស្រាយ ឆ្លើយតបនឹងការសន្យាលើករណីបណ្តេញចេញ ។
ក្រុមអ្នកតវ៉ានៅកន្លែង ប្រមូលផ្តុំបានឲ្យដឹងថា កាលពីថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៣ សាលារាជធានីភ្នំពេញ បានប្រគល់សាលាកប័ត្រព័ត៌មានដល់ពលរដ្ឋ៩៣៣គ្រួសារហើយ ក្នុងចំណោមពលរដ្ឋជាង១០០០គ្រួសារ ដែលបានសុំសំណងបន្ថែម ក្រោយបណ្តេញចេញ។
ពួកគេបន្តថា មកដល់ពេលនេះ សាលារាជធានី មិនទាន់ផ្តល់ដំណឹងពីដំណាត់ការ ផ្តល់សំណងនេះយ៉ាងម៉េចដល់ពួក គេនៅឡើយទេ រហូតមកដល់ថ្ងៃនេះ។
ប្រធានខុទ្ទកាល័យសាលារាជធានី លោក កើត ឆែ បានចេញមកជួបក្រុមអ្នកតវ៉ាបញ្ជាក់ ថា សាលារាជធានី នឹងជូនដំណឹងនៅពេលក្រោយ បន្ទាប់ពីជួបប្រជុំជាមួយអង្គការសង្គមស៊ីវិល ចំនួន៥១ នៅថ្ងៃចន្ទនេះ។
លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានអះអាងថា ការដែលអ្នករងគ្រោះរឿងដីធ្លី មកសុំសំណងបន្ថែមនៅពេលនេះ ដោយសារពួកគាត់ បានទទួលយកសំណងទាំងបង្ខំចិត្ត និងមានការគំរាមកំហែងពីអាជ្ញាធរ ហើយបច្ចុប្បន្នពួកគេ កំពុងប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ៕ Cambodia News