តុលាការធម្មនុញ្ញថៃសំរេចថាមិនរំលាយគណបក្សភឿថៃពីឆាកនយោបាយទេ
នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញថៃបានចេញសេចក្តីសំរេចថា មិនរំលាយគណបក្សភឿថៃ ដែលកំពុងកាន់អំណាចក្នុងប្រទេសបច្ចុប្បន្ននេះ ចេញពីឆាកនយោបាយ ទៅតាមសំណូមពររបស់បក្សប្រឆាំងនោះទេ។ ការសំរេចរបស់តុលាការធម្មនុញ្ញ បានធ្វើអោយថៃចៀសផុតពីស្ថានភាពច្របូកច្របល់ដែលអាចបង្កដោយ ក្រុមបាតុករគាំទ្ររដ្ឋាភិបាល។
នៅថ្ងៃ ពុធនេះ តុលាការធម្មនុញ្ញថៃបានចេញសេចក្តីសំរេចថា មិនរំលាយគណបក្សភឿថៃ ដែលកំពុងកាន់ អំណាចក្នុងប្រទេសបច្ចុប្បន្ននេះ ចេញពីឆាកនយោបាយ ទៅតាមសំណូមពររបស់បក្សប្រឆាំងនោះទេ។
សកម្មជន បក្សប្រឆាំង ដែលបានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោកស្រី យីងឡាក់ បីសប្តាហ៍មកហើយ នោះ ហាក់បានយល់ស្របតាមការសំរេចរបស់តុលាការធម្មនុញ្ញ ព្រោះថា តុលាការបានប្រកាន់យកផ្លូវ កណ្តាលក្នុងការសំរេចនេះ។ ពោលគឺ តុលាការរិះគន់បរិហារថា ការដែលគណបក្សភឿថៃបានព្យាយាមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបានអនុម័តក្រោយរដ្ឋប្រហារ ទំលាក់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ក្នុងឆ្នាំ២០០៦ គឺជាទង្វើមិនស្របច្បាប់នោះទេ។ ប៉ុន្តែ ទង្វើនេះមិនអាចអោយតុលាការសំរេចរហូតដល់ថ្នាក់ថា ត្រូវតែរំលាយគណបក្សភឿថៃនោះទេ។
នៅថ្ងៃពុធនេះ ថៃបានដាក់ពង្រាយប៉ូលិសប្រមាណមួយម៉ឺននាក់ នៅក្រុងបាងកក ខ្លាចមានឧប្បដិហេតុ ណាមួយកើតឡើង។ រដ្ឋាភិបាលថៃខ្លាចមានភាពច្របូកច្របល់ប្រសិនតុលាការសំរេចថា រំលាយបក្សកាន់អំណាច។ នៅថ្ងៃអង្គារម្សិលមិញ សកម្មជនគាំទ្ររដ្ឋាភិបាលបានជួបជុំគ្នាសន្ធឹកសន្ធាប់ នៅស្តាតមួយកន្លែងក្នុងក្រុងបាងកក។ ម្សិលមិញនេះដែរ សកម្មជនគាំទ្របក្ស ប្រឆាំងក៏នៅតែបន្តបាតុកម្មទាមទារអោយទំលាក់រដ្ឋាភិបាលផងដែរ។
គួររំលឹកថា តុលាការធម្មនុញ្ញធ្លាប់បានបញ្ជាអោយរំលាយបក្សកាន់អំណាច PPP ថៃកាលពីចុងឆ្នាំ២០០៨ ម្តងរួចហើយ ព្រោះថាបក្សកាន់អំណាចនេះបានធ្វើការកេងបន្លំក្នុងការ បោះឆ្នោតសភាឆ្នាំ២០០៧។ បក្សកាន់អំណាច PPP គឺជាបុព្វបុរសរបស់បក្សភឿថៃដែលកំពុងកាន់អំណាចបច្ចុប្បន្ននេះឯង។ នៅចុងឆ្នាំ២០០៨ តុលាការធម្មនុញ្ញ ក៏បានហាមឃាត់មិនអោយនាយករដ្ឋមន្ត្រី សុមឆៃ វុងសាវ៉ាត ធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំផងដែរ។ យោងតាមរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ន គណបក្សនយោបាយមួយអាចនឹងត្រូវរំលាយចោល ប្រសិនបើបក្សនេះបង្កភាពមិនប្រក្រតីក្នុងការបោះឆ្នោត៕ដោយ ព្រំ សឿន សូលីណា (RFI)