រយៈពេល ៣ថ្ងៃនៃបុណ្យអុំទូក ស្លាប់ ២០នាក់ របួស៦៣នាក់
ភ្នំពេញ៖ អំឡុងព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៦-១៨ វិច្ឆិកា យ៉ាងហោចណាស់បានធ្វើឲ្យមនុស្ស ២០នាក់ស្លាប់ និង៦៣នាក់រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៏ នេះបើតាមការឲ្យដឹងពីក្រុមមន្ត្រីនគរបាល ។
នាព្រឹកថ្ងៃទី១៩ វិច្ឆិកា នេះ ប្រធាននាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ លោក ហ៊ឹម យ៉ាន បានថ្លែងឲ្យដឹងថា រយៈពេល៣ ថ្ងៃ នៃពិធីបុណ្យអុំទូក បានធ្វើឲ្យពលរដ្ឋ២០នាក់ស្លាប់ និង៦៣ នាក់ទៀត រងរបួសដោយគ្រោះថ្នាក់ចរាចរណ៏ ។
លោកបន្តថា ចំនួនអ្នកស្លាប់បានកើនឡើង២នាក់ បើប្រៀបធៀប រយៈពេលដូចកាលពីបុណ្យអុំទូកឆ្នាំ២០១២ កន្លងទៅ ដែលមានអ្នកស្លាប់ត្រឹម ១៨នាក់ និងអ្នករងរបួស ៥៥នាក់នោះ ។
គួរបញ្ជាក់ថា ៣ឆ្នាំជាប់គ្នាមកហើយ ដោយសារតែគ្រោះទឹកជំនន់ និងការចូលទីវង្គត់របស់អតីតព្រះមហាក្សត្រ រដ្ឋាភិបាលបានផ្អាក់ ការប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះ ព្រះខែ នៅក្នុងទីក្រុងភ្នំពេញ ។ តែនៅតាមបណ្ដាខេត្ត ត្រូវបានអនុញ្ញាត ឲ្យធ្វើជាធម្មតា ៕ Cambodia News