បក្សប្រឆាំងគ្រោងធ្វើមហាបាតុកម្មជាថ្មី នៅថ្ងៃទិវាសិទ្ធិមនុស្ស
ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា លោក យ៉ែម បុញ្ញាឫទ្ធ អគ្គនាយករដ្ឋបាលនិង ជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មានគម្រោងនឹងធ្វើមហាបាតុកម្មលើកទី៤ នៅថ្ងៃទី១០ វិច្ឆិកា ខាងមុខនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាល គោរពសិទ្ធិពលរដុ្ឋ និងសិទ្ធិកម្មករជាធំនៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ឆ្នូ ដែលគេប្រារព្ធ ធ្វើនៅក្នុងពិភពលោក។
លោក យ៉ែម បុញ្ញាឫទ្ធ បន្តថា ស្របពេលថ្ងៃទី១០ ធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ កម្មករ-កម្មការិនី និងសហជីព ធ្វើការតវ៉ានៅលើទីលាន ប្រជាធិបតេយ្យនោះ គណបក្សសង្គ្រោះជាតិ អាចនិងធ្វើពិធីនេះជាមួយ គ្នាព្រោះក្នុង គោលបំណងតែមួយដូចគណបក្សសង្គ្រោះជាតិ។
នេះជាមហាបាតុកម្មលើកទី៤ ហើយរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីការចរចានានា ជាមួយបក្សប្រជាជន កម្ពុជានៅតែគ្មាន លទ្ធផលនោះ។ កន្លងមកថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ធ្លាប់បានលើកឡើងថា ទុកពេល ត្រឹមចុងឆ្នាំនេះ ដើម្បីចរចាជាមួយ គណបក្ស ប្រជាជនកម្ពុជា ។ ប្រសិនបើកិច្ចចរចានៅតែគ្មាន ច្រកចេញទេនោះ បាតុកម្មជាទ្រង់ទ្រាយធំ នឹងកើតមាន។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដី ការគណៈរដ្ឋមន្ត្រី និងជាអ្នននាំពាក្យស្ថាប័ននេះ មានប្រសាសន៍ នៅថ្ងៃទី១៨ ខែវិឆ្ឆិកា ថា សម្រាប់ថ្ងៃទី១០ធ្នូ ទិវាសិទ្ធិមនុស្ស អន្តរជាតិ កន្លងមក រដ្ឋាភិបាលបានយកចិត្តទុកដាក់ គិតគូរលើសិទ្ធិប្រជាពលរដ្ឋ ដែលមានចែង នៅក្នុងច្បាប់។ រីឯការធ្វើមហាបាតុកម្ម របស់គណបក្សប្រឆាំង នៅថ្ងៃទី១០ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ ត្រូវបានលោក ផៃ ស៊ីផាន បញ្ជាក់ ថា ជាកាតព្វកិច្ចដាច់ដោយ ឡែកនៅចំពោះមុខច្បាប់ ៕ យុវវ័យថ្មី