អភិបាលក្រុងញូវយ៉កថ្មី សន្យាលុបបំបាត់វិសមភាពសង្គម
អភិបាលក្រុងថ្មីរបស់ញូវយ៉ក គឺលោក Bill de Blasio នៃគណបក្សប្រជាធិបតេយ្យ ! នេះជាការជូនដំណឹងរបស់សារព័ត៌មានអាមេរិក ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ។ ជាជោគជ័យយ៉ាងត្រចះត្រចង់ ព្រោះបើតាមលទ្ធផលបឋម លោក Bill de Blasio បាននាំមុខខ្លាំង មួយនឹងសំឡេងគាំទ្រប្រមាណជា៧៣% ទល់នឹងគូប្រជែងនៃបក្សសាធារណរដ្ឋ (២៤%)។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលោក Bill de Blasio បានសន្យាកាត់បន្ថយគម្លាត រវាងអ្នកក្រនិងអ្នកមាន នៅក្នុងក្រុង។
នេះ គឺជាលើកទីមួយ ដែលញូវយ៉កមានអភិបាលជាអ្នកប្រជាធិបតេយ្យ គិតចាប់តាំងពី២០ឆ្នាំមក។ លោក Bill de Blasio បានប្រកាសតាំងពីដំបូងទី ថាជាអ្នកប្រឆាំងនឹងមហាសេដ្ឋី Michael Bloomberg អភិបាលក្រុងញូវយ៉កផុតអាណត្តិ។ ក្នុងរយៈពេលបីអាណត្តិក្រោមការគ្រប់គ្រងរបស់លោក Micheal Bloomberg ញូវយ៉ក គឺជាក្រុង ដែលប្រកបដោយសុវត្ថិភាពនិងសន្តិសុខជាងគេ (អត្រាបទឧក្រិដ្ឋបានធ្លាក់ចុះទាបបំផុត មិនធ្លាប់មានក្នុងប្រវត្តិញូវយ៉ក) ប៉ុន្តែមានគម្លាតសង្គមស៊ីរ៉ូងយ៉ាងជ្រៅ ៖ អ្នកមានកាន់តែមាន ច្រើនឡើងៗ ឯអ្នកក្រកាន់តែក្រ។
ជាអ្នកឆ្វេងនិយម យ៉ាងមុតមាំ មានភរិយាជាជនស្បែកខ្មៅ កូនសក់ក្រញាញ់តាមបែបកូនកាត់ លោក Bill de Blasio បានសន្យាធ្វើឱ្យមានការប្តូរផ្លាស់ទាំងអស់ តាមរយៈការបង្កើនពន្ធដារ លើអ្នកមាន ដើម្បីយកថវិកាមកសាងសង់មណ្ឌលថែទាំទារក មន្ទីរពេទ្យ និងលំនៅដ្ឋានសង្គមឱ្យអ្នកក្រុងញូវយ៉ក។ លោក ក៏បានសន្យាដែរ ថានឹងធ្វើវិនិយោគ សាលារៀនរដ្ឋ ដោយមាន កូនលោកទាំងពីរឱ្យរៀននៅសាលារដ្ឋជាឧទាហរណ៍។
ចំណុចដ៏រសើបជាងគេ គឺក្នុងវិស័យសន្តិសុខ មេប៉ូលិសនឹងត្រូវប្តូរ ព្រោះអភិបាលក្រុងថ្មី រូបនេះមិនពេញចិត្តនយោបាយត្រួតពិនិត្យឆែកឆេរអ្នកថ្មើរជើង គ្មានរើសមុខ « Stop & Frisk» ជាពិសេសចំពោះ យុវជនស្បែកខ្មៅ និងយុវជនមានដើមកំណើតអាមេរិកឡាទីន។ ប៉ុន្តែគូប្រជែង បក្សសាធារណរដ្ឋ បានចោទប្រកាន់រួចជាស្រេច ថាលោកអភិបាលសង្គមនិយម ជាអ្នកធូររលុងក្នុងផ្នែកសន្តិសុខ បទល្មើសនឹងកើនឡើង ហើយហិបប្រាក់សាធារណៈក៏ត្រូវក្រឡាប់ចាក់ ព្រោះចំណត់ការសង្គមមិនល្អ៕ដោយ អៀង សុខម៉ិញ (RFI)