គំនិតសម្ភារៈជ្រុលកំពុងរុញច្រានសង្គមខ្មែរទៅរកផ្លូវគ្រោះថ្នាក់
ភ្នំពេញ៖ កាលពីសម័យមុន សង្គមខ្មែរអោយតម្លៃទៅលើបុគ្គលម្នាក់ដោយផ្អែកលើកត្តា៤យ៉ាង ៖ ស្មោះត្រង់ ចំណេះដឹងខ្ពស់ គំនិតឧត្តមគតិស្នេហាជាតិ និងទ្រព្យសម្បត្តិ។ ប៉ុន្តែសម្រាប់សតវត្សរ៍ទី២១នេះ ទ្រព្យសម្បត្តិគឺជាអាទិភាពទី១ដែលសង្គមខ្មែរផ្តល់តម្លៃ។
កាលពីសង្គមចាស់ នៅពេលដែលយុវជន យុវនារី កុមារា កុមារី ដើរឆ្លងកាត់ពីមុខមនុស្សដែលមានវ័យចំណាស់ជាង ពួកគេត្រូវបន្ទន់ដងខ្លួន និងក្បាលបន្តិចដើម្បីបង្ហាញការគោរពចំពោះមនុស្សចាស់។ ជាថ្នូរមកវិញ ពួកគេតែងតែទទួលបាននូវសេចក្តីសរសើរពីមនុស្សចាស់វិញថា ជាក្មេងល្អ ជាក្មេងមានពូជអម្បូរ ចំណែកនិសិត្សដែលរៀនពូកែ កាលណោះ ត្រូវបានសាលារៀន សហគមន៍ សាច់ញាតិ រដ្ឋាភិបាលផ្តល់តម្លៃយ៉ាងខ្លាំង។
ប៉ុន្តែ ឥរិយាបទល្អខាងលើនេះហាក់បីដូចជាត្រូវបានឃ្លាតឆ្ងាយពីសង្គមខ្មែរ បន្តិចម្តងៗ ដោយសារតែគំនិតសម្ភារៈនិយម គំនិតបុណ្យស័ក្តិនិយម បានមករុំព័ទ្ធសង្គមខ្មែរយ៉ាងតឹងណែនរើខ្លួនមិនរួច។
ជាការកត់សម្គាល់ជាក់ស្តែងនៅក្នុងសង្គមខ្មែរ បុគ្គលខ្មែរម្នាក់ៗហាក់បីដូចជាផ្តល់តម្លៃកាន់តែខ្លាំងឡើងទៅទៅលើ សម្ភារៈ ទ្រព្យសម្បត្តិ និងបុណ្យស័ក្តិ ពោលគឺសង្គមខ្មែរស្ទើរតែទាំងមូលហាក់បីដូចជាភ្លេចអោយតម្លៃទៅលើ មនុស្សស្មោះត្រង់ មនុស្សមានចំណេះខ្ពស់ មនុស្សស្នេហាជាតិ ដែលគ្រាន់តែពួកគេមិនសូវមានទ្រព្យសម្បត្តិ និងបុណ្យស័ក្តិប៉ុណ្ណោះ។
ជាការពិត សម្ភារៈ ទ្រព្យសម្បត្តិ មាសប្រាក់ មានតម្លៃខ្លាំងមែនសម្រាប់សង្គមមនុស្សទូទៅ មិនថា នៅក្នុងប្រទេសកម្ពុជា ឬនៅប្រទេសផ្សេងនោះទេ។ ប៉ុន្តែ មនុស្សម្នាក់ដែលត្រូវបានគេផ្តល់តម្លៃអោយនោះ មិនមែនស្ថិតនៅលើតែទ្រព្យសម្បត្តិឬបុណ្យស័ក្តិមួយមុខប៉ុណ្ណោះទេ ពោល គឺវាស្ថិតនៅលើភាពស្មោះត្រង់ ចំណេះដឹងខ្ពស់ មានសីលធម៌ មានគុណធម៌ មានយុត្តិធម៌ បម្រើសង្គម។ល។
ដើម្បីចៀសវាងកុំអោយសង្គមខ្មែរ ឈានទៅរក«រណ្តៅគ្រោះថ្នាក់ផ្នែកសីលធម៌» តាមរយៈ ការផ្តល់តម្លៃខ្លាំងទៅលើសម្ភារៈទ្រព្យសម្បត្តិ និងបុណ្យស័ក្តិនោះ អ្នកដឹកនាំប្រទេស ជាពិសេស ក្រសួងអប់រំ និងគ្រួសារនីមួយៗ ត្រូវចាប់ផ្តើមផ្លាស់ប្តូរសារទៅវិញទៅមកដោយនិយាយថា៖«បុគ្គលដែលមាន តម្លៃខ្ពស់បំផុត គឺជាបុគ្គលដែលបានធ្វើអ្វីមួយល្អសម្រាប់គ្រួសារ សម្រាប់សហគមន៍ និងប្រទេសជាតិ៕ នាង/Cambodia News