កិច្ចប្រជុំនុយក្លេអ៊ែររវាងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិងអ៊ីរ៉ង់ មានលក្ខណៈវិជ្ជមានច្រើន
កិច្ចប្រជុំលើកទី១២ នៅទីក្រុងវីយេន ប្រទេសអូទ្រីស រវាងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិងអ៊ីរ៉ង់ ស្តីពីសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ បានបិទបញ្ចប់ នៅថ្ងៃអង្គារម្សិលមិញនេះ។ ភាគីទាំងពីរបានវិនិច្ឆ័យថា កិច្ចប្រជុំនេះផ្តល់អំណោយផលច្រើន ហើយភាគីទាំងពីរបានសំរេចនឹងជួបពិភាក្សាគ្នាម្តងទៀត នៅថ្ងៃ១១វិច្ឆិកាខាងមុខ។
កិច្ចប្រជុំលើកទី១២ រវាងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិងអ៊ីរ៉ង់ ស្តីពីសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយបានបញ្ចប់ នៅថ្ងៃអង្គារម្សិលមិញ។ ភាគីទាំងពីរបានវិនិច្ឆ័យដូចគ្នាថា កិច្ចប្រជុំនេះផ្តល់អំណោយផលច្រើន។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិដឹកនាំកិច្ចចរចាដោយជនជាតិ ហ្វាំងឡង់ លោក តេរ៉ូ វ៉ារចូរ៉ាន់តា Tero Varjoranta បានវាយតំលៃសំណូមពររបស់អ៊ីរ៉ង់ ថាជាសំណូមពរមានលក្ខណៈស្ថាបនា។ កិច្ចប្រជុំពីរថ្ងៃនេះ បានផ្តល់សុទិដ្ឋិនិយមច្រើន ចំពោះកិច្ចប្រជុំរវាងភាគីទាំងពីរលើកក្រោយៗទៀត។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិងអ៊ីរ៉ង់ បានសំរេចថា នឹងជួបពិភាក្សាគ្នាម្តងទៀត នៅថ្ងៃ១១វិច្ឆិកាខាងមុខ ដើម្បីបន្តកិច្ចសហប្រតិបត្តិការនេះតទៅទៀត។
គួររំលឹកថា ប្រទេសលោកខាងលិចតែងសង្ស័យថា អ៊ីរ៉ង់ចង់ផលិតអាវុធនុយក្លេអ៊ែរ តាមរយៈកម្មវិធីនុយក្លេអ៊ែរស៊ីវិលខ្លួន។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិធ្លាប់បានបង្ហាញរបាយការណ៍មួយ កាលពីឆ្នាំ២០១១ ប្រាប់ថា អ៊ីរ៉ង់កំពុងតែធ្វើសកម្មភាពសំរេចអោយបាននូវគ្រាប់បែកបរមាណូ មុនឆ្នាំ២០០៣។ អ៊ីរ៉ង់តែងបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងថា គំរោងនុយក្លេអ៊ែរខ្លួនធ្វើឡើងក្នុងបែបផែនសន្តិភាពតែប៉ុណ្ណោះ។
កន្លងមក ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិងអ៊ីរ៉ង់ បានពិភាក្សាគ្នាលើសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ ១១ដងមកហើយ ហើយ១០ដងដំបូងតែងបរាជ័យជានិច្ច។ កិច្ចពិភាក្សាលើកចុងក្រោយ កាលពីថ្ងៃ២៧កញ្ញាកន្លងទៅ ត្រូវបានគេមើលឃើញថា មានលក្ខណៈប្រសើរឡើងច្រើន។ ចាប់ពីប្រធានាធិបតីអ៊ីរ៉ង់ថ្មី ហាសាន រ៉ូហានី ឡើងកាន់អំណាចមក អ៊ីរ៉ង់បានបន្ទន់ជំហរច្រើន។ នៅថ្ងៃ១៦តុលាកន្លងមក អ៊ីរ៉ង់បានយល់ព្រម ទទួលយកគោលការណ៍នៃការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរ ដែលស្នើដោយអាមេរិក គឺថា អ៊ីរ៉ង់ព្រមអោយអ្នកជំនាញបានចុះទៅពិនិត្យមជ្ឈមណ្ឌលនុយក្លេអ៊ែរ ដោយមិនប្រាប់អោយអ៊ីរ៉ង់បានដឹងមុន។
សកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ក៏នឹងក្លាយជាប្រធានបទនៃការពិភាក្សានៅ ក្រុងហ្សឺណែវ ថ្ងៃ៨វិច្ឆិកាខាងមុខនេះដែរ។ ជាកិច្ចពិភាក្សារវាង ប្រទេសមហាអំណាច៥+១ គឺរវាងអាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និង អាល្លឺម៉ង់៕ដោយ ព្រំ សឿន សូលីណា (RFI)