តំណាងរាស្រ្ដអាម៉េរិកនិយាយការពារទង្វើចារកិច្ចរបស់អាម៉េរិក
ការខឹងទោមនស្សបានមានការកើនឡើងជា លំដាប់នៅអឺរ៉ុបជុំវិញរឿងការ ចោទប្រកាន់ដល់សហរដ្ឋអាម៉េរិកដែលធ្វើការលួចឃ្លាំមើលប្រព័ន្ធ ទំនាក់ទំនងរបស់បណ្ដាមេដឹកនាំខ្លួន និងលើប្រជាពលរដ្ឋអឺរ៉ុបរាប់លាននាក់។ ប៉ុន្ដែតំណាងរាស្រ្ដជាន់ខ្ពស់ម្នាក់ពីគណបក្សសាធារណរដ្ឋបានចេញ និយាយការពារដល់ប្រតិបត្ដិការស៊ើបការណ៍ ដោយទីភ្នាក់ងារសន្ដិសុខជាតិអាម៉េរិក។
មានរបាយការណ៍ថា ក្រុមចារកម្មអាម៉េរិកមិនត្រឹមតែលួចស្ដាប់ទំនាក់ទំនងតាមទូរស័ព្ទ របស់មេដឹកនាំអាល្លឺម៉ង់ប៉ុណ្ណោះទេ ថែមទាំងបានលួចឃ្លាំមើលការប្រាស្រ័យទាក់ទងតាមទូរស័ព្ទរបស់ពល រដ្ឋបារាំងជាច្រើនពាន់នាក់ផងដែរ។
លោក Mike Rogers តំណាងរាស្រ្ដគណបក្សសាធារណរដ្ឋនៅអាម៉េរិកបានផ្ដល់ជាយោបល់ថា ប្រទេសបារាំងគួរតែដឹងគុណទៅវិញទេ ចំពោះការប្រមូលព័ត៌មានសម្ងាត់ទាំងនេះធ្វើឡើងដោយទីភ្នាក់ងារ សន្ដិសុខជាតិរបស់សហរដ្ឋអាម៉េរិក។
លោកថា របាយការណ៍ដែលថា អាម៉េរិកធ្វើចារកម្មលើពលរដ្ឋបារាំងនោះ គឺខុសទាំងស្រុង។ លោកថា ពួកគេបានធ្វើការសន្និដ្ឋានខុសចំពោះអក្សរកាត់ជាច្រើន ហើយបានឃើញតួលេខទូរស័ព្ទទំនាក់ទំនងចំនួន៧០លានដង ដែលតាមពិតលោកថា តួលេខនេះ គឺអំពីកម្មវិធីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មតែប៉ុណ្ណោះ ហើយគ្មានទាក់ទងអ្វីឡើយនឹងពលរដ្ឋបារាំងស្លូតត្រង់៕ (Radio Australia)