បក្សប្រឆាំងទាមទារ ៤ចំណុចនៅថ្ងៃមហាបាតុកម្ម
ភ្នំពេញ៖ តាមរយៈសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅយប់ថ្ងៃទី២២ អង្គារ ខែតុលា ម្សិលមិញ បានបញ្ជាក់នូវការទាមទារចំនួន៤ចំណុច សម្រាប់មហាបាតុកម្មរយៈពេលបីយប់បីថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ដែលការទាមទារនោះសំដៅដល់ការស្វែងរក និងការពារយុត្តិធម៌ជូនពលរដ្ឋជុំវិញការបោះឆ្នោតកន្លងទៅ និងថ្ងៃអនាគត និងទាមទារឲ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សនាព្រឹក ថ្ងៃទី២៣ ខែតុលានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាអនុប្រធាន បាននិយាយថា កិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសស្តីពីបញ្ហាកម្ពុជាឆ្នាំ១៩៩១ នៅតែមានសុពលភាពរហូតមកដល់សព្វថ្ងៃនេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា បើកិច្ចព្រមព្រៀងក្រុងប៉ារីស ពិតជាត្រូវបានរលាយមែននោះ ហេតុអ្វីបានជាការកសាងប្រទេសរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ នៅតែពឹងផ្អែកអន្តរជាតិ។
គណបក្សប្រឆាំងបានបញ្ជាក់ថា បាតុកម្មរបស់ខ្លួន គឺធ្វើឡើងដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតពាក់ព័ន្ធនឹង ភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ។ ទាមទារឲ្យមានការធានាយុត្តិធម៌ជូនម្ចាស់ឆ្នោតនាពេលអនាគត។ ទាមទារឲ្យមានការបង្កើតយន្តការមួយជឿជាក់បានដើម្បីកែទម្រង់ ការបោះឆ្នោតនាពេលខាងមុខ ស្របតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប អង្គការNDI អង្គការខុមហ្វ្រែល និងអង្គការក្រៅរដ្ឋាភិបាលនានា៕ នាង/Cambodia News