ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ធំ​ជាង​គេ​នៅ​កម្ពុជា​ផ្តល់​ប្រាក់​មួយ​សែន​ដុល្លារ​ជូន​ជន​រង​គ្រោះ​ទឹក​ជំនន់

ដោយ ហេង​ នាង
Cambodia News

Cambodia News
ប្រតិភូក្រុមហ៊ុនស៊ីម៉ង់ត៍កម្ពុជាចក្រីទីងប្រគល់អំណោយមនុស្សធម៌នូវទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជូន​កាក​បាទ​ក្រហម​កម្ពុជា​នៅ​រសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៣ សម្រាប់ជួយជនរងគ្រោះទឹកជំនន់។ ពីឆ្វេង៖ លោក Zhang Jun លោកឧកញ៉ា លឹម រស់ លោក​ជំទាវ​ឧកញ៉ា សុទ្ធី ម៉ូនីកា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្រ្តីកាកបាទក្រហមកម្ពុជា។

ភ្នំពេញ (១៨ តុលា ឆ្នាំ ២០១៣)៖ ក្រុមហ៊ុនស៊ីម៉ង់ត៍កម្ពុជាចក្រីទីងដែល​​ជារោង​ចក្រ​ស៊ី​ម៉ង់ត៍​ដ៏​​ធំ​ជាង​​គេ​​​នៅ​​​ក្នុង​​ប្រទេស​​បាន​ផ្តល់​​ប្រាក់​ចំនួន ១០០.០០០ ដុល្លារ​អាមេរិក​​​​​តាម​​រយៈ​​កាក​បាទ​ក្រហម​​កម្ពុជាជូន​ដល់​ជន​រង​គ្រោះ​​​​ដោយ​​សារ​​ទឹក​​​ជំនន់។
នៅ​ក្នុង​​កំឡុង​ពេល​នៃ​ការ​ជួប​សម្តែងការ​គួរសមជា​មួយ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ឯទីស្នាក់ការ​​​កាកបាទក្រហមកម្ពុជានាទីក្រុង​ភ្នំពេញ​​កាល​ពី​ដើម​សប្តាហ៍នេះ លោក​ឧកញ៉ា លឹម រស់​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​​​កម្ពុជា​ចក្រីទីង និង​​ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេហ្សិត គ្រុប (AZ Group) ព្រម​​ទាំង​​ភរិយា​ គឺលោកជំទាវឧកញ៉ា សុទ្ធី ម៉ូនីកា អគ្គនាយិកា ក្រុមហ៊ុន​​ Internet Online (Cogetel) បាន​ប្រគល់​ថវិកា​​នេះជូន​​សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា​សម្រាប់​ទុក​ជួយ​​ជនរង​គ្រោះដោយសារ​ទឹក​ជំនន់។

បើ​តាម​របាយ​ការ​ណ៍​របស់​គណកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹង​ថា យ៉ាង​​​ហោច​​ណាស់​​​ក៏​​មាន​​​មនុស្ស​​ចំនួន ១៤០ នាក់​ដែរ​​​ត្រូវ​​បាន​​ប្រកាស​​ថា​​​ស្លាប់ និង​ចំនួន ៣៧៧.០០០ នាក់​ផ្សេង​​​ទៀត​បាន​រងផល​ប៉ះពាល់ ដោយសារ​ទឹក​ជំនន់​នៅក្នុង​ខេត្តចំនួន ១៧ ចាប់​​​​តាំង​​ពី​សប្តាហ៍​ទី៣​នៃ​ខែ​កញ្ញាមក។
លោក​​ឧកញ៉ា លឹម រស់​ បាន​ប្រាប់​សារព័ត៌មាន Cambodia News ថា “ដោយ​​បាន​មើល​ឃើញ​​​​នូវ​​​ទុក្ខ​​លំបាក​ និង​​មាន​សេចក្តី​​អាណិត​អាសូរ​​​​ដល់​បងប្អូនប្រជាជនកម្ពុជា  ជា​ពិសេស​ប្រជា​​ជន​ដែល​បាន​និង​កំពុង​រង​នូវ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដោយ​សារ​ទឹក​ជំនន់​នា​ពេល​បច្ចុប្បន្ន​​ ក្រុម​ហ៊ុន​​យើងបានទទួលការអនុញាតដ៏​ខ្ពង់ខ្ពស់​​ចូលជួបសម្តែង​​ការគួរសម​និង​ប្រគល់​​​​អំណោយ​មនុស្សធម៌ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនូវថវិកាចំនួន ១០០.០០០ ដុល្លារសហ​រដ្ឋ​អាមេរិកនៅរសៀលថ្ងៃទី​ ១៥ ខែតុលា​ ឆ្នាំ២០១៣​”។

គួររំលឹកថា រោង​ចក្រ​ស៊ីម៉ង់ត៍កម្ពុជាចក្រីទីងដែល​​មាន​ទីតាំងនៅ​ខេត្ត​កំពតគឺ​ជា​វិនិ​យោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Cambodia’s Cement Construction Resource Co., Ltd ដែល​ជា​សម្ព័ន្ធ​ក្រុម​ហ៊ុន​ AZ និង​ក្រុមហ៊ុន​ Urec Overseas Investment Co., Ltd ​របស់​ប្រទេស​ចិន។ រោង​​ចក្រ​នេះ​​មានទឹក​ប្រាក់​វិនិយោគ​ចំនួន ១០០ លាន​ដុល្លារ ដែល ៦៧ លានដុល្លារបាន​មកពី​កម្ចី​​​ធនាគារ​ចិន ហើយ​រោង​ចក្រ​នេះ​នឹង​ក្លាយ​ជា​រោងចក្រ​​ធំជាងគេ​​បង្អស់​របស់ប្រទេសកម្ពុជា បន្ទាប់​​ពី​​ពាក់​​កណ្តាល​​ឆ្នាំ ២០១៤ ទៅ។

ជា​​មួយ​និង​ទីតាំងទំហំ ៤០ ហិចតា រោងចក្រ​នេះ​អាចផលិត​​​ស៊ីម៉ង់ត៍បាន​រហូត​​ដល់ ៣.២០០ តោន​ក្នុង​មួយ​ថ្ងៃ ឬ ១,១​ លាន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​ជា​ចំនួន​ផលិតផលស៊ីម៉ង់ត៍​ដ៏​ច្រើន​​បំផុត​​នៅ​ក្នុង​​ប្រទេស។

លោក Zhang Jun ជាជនជាតិចិន និង​​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​រោង​ចក្រ​ស៊ីម៉ង់ត៍​កម្ពុជា​ចក្រី​​ទីង មិន​អាច​ទាក់ទង​បាន​ទេ​ដើម្បីសាកសួរពី​ការវិវត្ត​ថ្មី​នៃ​​រោង​ចក្រនេះ ប៉ុន្តែមុន​នេះ ​លោក​បាន​​ប្រាប់​​​សារព័ត៌មាន Cambodia News ថា រោង​ចក្រ​​បាន​បញ្ជូន​បុគ្គលិក​បច្ចេកទេស​ចំនួន ៥០ រូប​ទៅ​សិក្សានៅប្រទេស​ចិន ហើយ​​ក្រុមហ៊ុនត្រូវ​ការ​កម្មករ​ប្រមាណ ១.០០០ នាក់ ដែល​ជា​​ផ្នែកមួយ​របស់​ក្រុម​ហ៊ុន​ក្នុង​​ការ​​ចូល​រួម​ចំណែក​​​​ជា​មួយ​រាជ​រដ្ឋាភិបាល​​កម្ពុជាក្នុងការ​ផ្តល់​ការ​ងា​រ​​ឲ្យ​​ពលរដ្ឋធ្វើ ដើម្បី​​កាត់​បន្ថយ​ភាព​ក្រីក្រ។​​

លោក​ឧកញ៉ា លឹម រស់​ បាន​​​និយាយថា បច្ចុប្បន្ន រោងចក្រ​បាន​ដំណើរការសាង​សង់​រួចរាល់​បាន​ចំនួន ៦០% ហើយ ហើយ​នៅខែមិថុនា ឬ​ខែកញ្ញា ឆ្នាំ ២០១៤ ​នេះ រោង​ចក្រ​នឹង​ត្រូវ​​សម្ភោធ។ លោក​ឧកញ៉ា​បាន​​បញ្ញាក់ថា “នៅក្នុង​ជំនួបសម្តែង​​ការគួរសម​ជា​មួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ខ្ញុំ​​និង​ភរិយា​បាន​គោរព​អញ្ជើញ​​សម្តេច និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​​​ចូល​រួម​​បើក​សម្ភោធ​រោង​ចក្រ​​ជា​ផ្លូវ​ការ”៕

ប្រតិភូក្រុមហ៊ុនស៊ីម៉ង់ត៍កម្ពុជាចក្រីទីងប្រគល់អំណោយមនុស្សធម៌នូវទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជានៅរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៣ សម្រាប់ជួយជនរងគ្រោះទឹកជំនន់។
ប្រតិភូក្រុមហ៊ុនស៊ីម៉ង់ត៍កម្ពុជាចក្រីទីងប្រគល់អំណោយមនុស្សធម៌នូវទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារ​អាមេរិក​ជូន​កាក​បាទ​ក្រហម​កម្ពុជា​នៅ​រសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៣ សម្រាប់ជួយជនរងគ្រោះទឹកជំនន់។

Related Articles

Back to top button
Close
Close