អំពើភេរវកម្មចំនួន ៣ដងនៅប៉ែកខាងកើតប្រទេសបានផ្តាច់ជីវិតមនុស្សម្នាក់
ប្រទេសភូមាបានទទួលរងអំពើភេរវកម្ម ចំនួន ៣ដងបន្តបន្ទាប់គ្នាតំាងពីយប់ថ្ងៃពុធ ទី១៦ ឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី១៧ តុលានេះ ដោយបានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ នេះបើយោងតាមអ្នកទទួលខុសត្រូវប៉ូលិសម្នាក់។ អំពើភេរវកម្មថ្មីនេះបានកើតមានឡើង ជួនចំពេលដែលប្រទេសបានស្គាល់ការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
មនុស្សម្នាក់ដែលបានបាត់បង់ជីវិតនៅព្រឹកមិញ គឺជាមន្រ្តីរដ្ឋការបម្រើការងារឲ្យសាលាស្រុកណាមខាម ក្នុងរដ្ឋឆាន ស្ថិតនៅប៉ែកខាងកើតប្រទេសជាប់ព្រំដែនជាមួយប្រទេសចិន នេះបើយោងតាមការបញ្ជាក់របស់អ្នកទទួលខុសត្រូវប៉ូលិសម្នាក់។ យោងតាមអ្នកទទួលខុសត្រូវប៉ូលិសរូបនោះដដែល ការស៊ើបអង្កេតមួយបានចាប់ផ្តើមហើយដើម្បីស្វែងរកការពិត។ អ្វីជាការកត់សម្គាល់ ស្រុកដែលបានទទួលរងការបំផ្ទុះគ្រាប់បែកនោះ គឺស្ថិតក្នុងតំបន់មួយដែលធ្លាប់ស្គាល់ភាពវឹកវរនារយៈពេលប៉ុន្មាន ឆ្នំាចុងក្រោយនេះនៅក្នុងជម្លោះប្រដាប់អាវុធរវាងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមជនជាតិភាគតិច។
តំាងពីថ្ងៃសុក្រ ទី១១ តុលាសប្តាហ៍កន្លងមក ភូមាបានទទួលរងការបំផ្ទុះគ្រាប់បែកនៅកន្លែងផ្សេងៗនៃទូទំាងប្រទេស ដោយបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ២នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត ក្នុងនោះ ក៏មានរបួសជនជាតិអាមេរិកំាងម្នាក់កាលពីយប់ថ្ងៃច័ន្ទដើមសប្តាហ៍ នេះនៅសណ្ឋាគារទំនើបមួយឈ្មោះ Traders ក្នុងទីក្រុងរ៉ង់ហ្គូន។ ក្រុមអ្នកតាមដានស្ថានការណ៍បានកត់សម្គាល់ឃើញថា គោលបំណងរបស់ក្រុមភេរវជន គឺមិនមែនដើម្បីសម្លាប់ជីវិតមនុស្សទេ តែគ្រាន់តែបង្កឲ្យមានភាពចលាចល និងព្យាយាមបំផ្លាញដំណើរការកំណែទម្រង់ដែលរដ្ឋាភិបាលស៊ីវិលបានសន្យា ធ្វើ តំាងពីការរំលាយរបបសឹកក្នុងឆ្នំា ២០១១ ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មានរដ្ឋាភិបាលក្រុមប្រទេសលោកខាងលិចជាច្រើនបានអំពាវនាវឲ្យពលរដ្ឋ របស់ខ្លួនមានការប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរទៅកាន់ប្រទេស ភូមា។
កាលពីថ្ងៃអង្គារ មានបុរសជាប់សង្ស័យម្នាក់ដែលបានស្នាក់នៅក្នុងសណ្ឋាគារ Traders ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងរដ្ឋម៉ូន។ ការស៊ើបអង្កតមួយបានចាប់ផ្តើមធ្វើឡើងដើម្បីប្រឆំាងនឹងបុរសរូបនោះ ពីបទមានផ្ទុកជាតិផ្ទុះខុសច្បាប់ និងបង្ករបួសធ្ងន់។ សហភាពជាតិការ៉ែនដែលជាក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចមួយ និងដែលបានប្រយុទ្ធតស៊ូដើម្បីស្វ័យភាពបានបញ្ជាក់ថា បុរសជាប់សង្ស័យនោះ គឺជាសមាជិករបស់ពួកគេ តែបានបដិសេធពីការទទួលខុសត្រូវនៅក្នុងព្រឹត្តិការណ៍បំផ្ទុះ គ្រាប់បែកនាពេលកន្លងមក។ អ្វីដែលសហភាពជាតិការ៉ែនបានបញ្ជាក់នោះគឺថា ទង្វើរបស់បុរសនោះ គឺមកពីរូបគេចង់សម្តែងការមិនសប្បាយចិត្តចំពោះការចុះហត្ថលេខា ឈប់បាញ់ជាប្រវត្តិសាស្រ្តរវាងសហភាពជាតិការ៉ែន និងរដ្ឋាភិបាលកាលពីឆ្នំាទៅមិញ៕ដោយ គួច គន្ធារ៉ា (RFI)