ខ្ញុងលាតត្រដាងទំនាក់ទំនងជាមួយប្រុសក្មេង
ភ្នំពេញ៖ ខ្ញុង ដែលគេស្គាល់ឈ្មោះពិត ស្រេង សុគន្ធដា បានបកស្រាយការពិតបន្ទាប់ពីរូបថតជាច្រើនសន្លឹកដែលបានបង្ហោះតាម Facebook បង្ហាញពីសកម្មភាព ប្រុសក្មេងម្នាក់កៀកកើយយ៉ាងជិតស្និទ្ធ ដែលធ្វើឲ្យសាធារណៈមតិសង្ស័យថា នាងកំពុងតែបង្កាត់ចំណងស្នេហ៍ជាមួយប្រុសក្មេងម្នាក់នោះ។
នៅក្នុងរូបភាពគេឃើញ បុរសនោះមានវ័យប្រហែលជាតិចជាងនាងច្រើនឆ្នាំ ដោយនៅក្នុងនោះនាងបានកៀកកើយទ្រូងជាមួយបុរសនោះជាខ្លាំង ដែលនាំឲ្យកើតមានមន្ទិល។ ប៉ុន្តែខ្ញុងបានបដិសេធន៍ចំពោះការសង្ស័យទាំងនោះដោយនាងអះអាងថា នាងពិតជាមានទំនាក់ទំនងជិតស្និទ្ធប្លែកជាងធម្មតា ជាមួយបុរសម្នាក់នោះពិតប្រាកដមែន ប៉ុន្តែភាពស្និទ្ធស្នាលទាំងនោះមិនមែនក្នុងន័យស្នេហានោះទេ។
ខ្ញុងបានបញ្ជាក់ប្រាប់ថា បុរសនោះ គឺជាមេជាងផាត់មុខធ្វើសក់ ប្រចាំនៅ សុខគា សម្អាងការបូតា ដែលតែងតែជួយផាត់មុខធ្វើសក់ឲ្យនាងជាប្រចាំនៅពេលដែលមាន កម្មវិធីម្ដងៗ។ នាងបន្តថា នាងបានស្រលាញ់រាប់អានបុរសម្នាក់នោះប្រៀបបានទៅនឹងបងប្អូន បង្កើតនឹងគ្នា ត្បិតអីបុរសនោះជាមនុស្សល្អម្នាក់ ដែលតែងតែជួយលួងលោមនឹងលើកទឹកចិត្តនាងជានិច្ច ពេលដែលនាងពិបាកចិត្ត។ នាងបញ្ជាក់បន្ថែមថាទំនាក់ទំនងរបស់នាងនឹងបុរសម្នាក់នោះ ប្រសិនបើអ្នកផ្សេងមិនបានស្គាល់ឲ្យស៊ីជម្រៅទេនោះ អាចនឹងមានការយល់ច្រឡំទៅលើរឿងផ្សេង ស្របពេលដែលនាងតែងតែនិយាយជាមួយប្រុសក្មេងម្នាក់នោះថា បងៗពេញៗមាត់ ខណៈដែលបុរសម្នាក់នោះមានវ័យ តិចជាងនាងរហូតដល់ទៅ៣ឆ្នាំឯណោះ។
យ៉ាងណាក៏ដោយខ្ញុងបង្ហើរការពិតបែបមន្ទិលថានាង ហៅបុរសម្នាក់នោះថា បងៗ បើទោះបីជាបុរសនោះអាយុតិចជាងនាង ក៏ព្រោះតែនាងគោរពស្រលាញ់បុរសនោះ ប្រៀបដូចជាបងប្រុស ទៅហើយ។
នាងបានអះអាងជាចុងក្រោយថាបញ្ហាស្នេហាត្រូវតែមានដោយជៀសមិនរួច ប៉ុន្តែអ្វីដែលចង់បានគឺការស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយសិនមុន ទទួលយក ព្រោះអតីតកាលបានធ្វើឲ្យនាងឈឺចាប់និងជាមេរៀនសម្រាប់ជីវិតនាង ៕ Cambodia News