លោក ហ៊ុន សែន រំលឹកពីព្រះរាជបណ្តាំសម្តេចឳ
ភ្នំពេញ៖ នៅក្នុងព្រះរាជពិធីសម្ពោធវិមានព្រះបរមរូបសម្តេចឳ នៅព្រឹកថ្ងៃទី១១ ខែតុលា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រំលឹកពីព្រះរាជបណ្តាំរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ អំពីនយោបាយបង្រួបបង្រួមជាតិខ្មែរ ស្របពេលដែលគណបក្សដែលជាប់ឆ្នោតក្នុងសភាទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនចុះសម្រុងនឹងគ្នា។
នៅមុខព្រះភ័ក្ត្រព្រះមហាក្សត្រ និងសម្តេចម៉ែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកចងចាំជានិច្ចនូវព្រះរាជបណ្តាំរបស់ព្រះករុណា ព្រះបាទនរោត្តម សីហនុ ដែលបានផ្តាំមុនព្រះអង្គយាងចូលទិវង្គតថា ឲ្យកូនខ្មែរទាំងអស់រួមគ្នាជាធ្នង់មួយ ដើម្បីប្រទេសជាតិ
ការថ្លែងរបស់លោកនាកយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងខណៈគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលទទួលបានអាសនៈនៅក្នុងសភា មិនទាន់មានឯកភាពគ្នា ពោលគឺតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិចំនួន៥៥រូប មិនបានចូលប្រជុំសភានៅឡើយ។ ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងតែស្វែងរកអន្តរាគមន៍ពីក្រៅប្រទេស គឺជំរុញឲ្យអន្តរជាតិ កុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងជំរុញឲ្យមានការដាក់លក្ខខណ្ឌលើជំនួយ៕ Cambodia News