ឃុំ ប្រមាណ៩០ត្រូវពន្យារពេលចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ព្រោះតែទឹកជំនន់
ភ្នំពេញ៖ គ្រោះទឹកជំនន់បានរារាំង ការពិនិត្យនិងចុះឈ្មោះសម្រាប់ប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះ ឆ្នោត ឆ្នាំ២០១៣។ គ.ជ.ប បានឲ្យដឹងថាឃុំចំនួនប្រមាណ៩០នឹងត្រូវពន្យារពេលសម្រាប់ការពិនិត្យ និង ចុះឈ្មោះបោះឆ្នោត ក៏ប៉ុន្តែការពន្យារពេលនេះបានច្រើនបំផុតតែបីថ្ងៃប៉ុណ្ណោះ។
លោកទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប បានថ្លែងថា យ៉ាងហោចណាស់ឃុំចំនួនជាង៩០នៅក្នុងចំណោមឃុំចំនួន១៦៣៣ឃុំ ទូទាំងប្រទេសនឹងត្រូវបន្ថែមរយៈពេលសម្រាប់ប្រជាពលរដ្ឋ ទៅចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដោយសារឃុំទាំងនោះរងនូវគ្រោះទឹកជំនន់។
លោកថ្លែងថាគ្រោះទឹកជំនន់បានបង្កការលំបាកដល់ដំណើរការពិនិត្យនិងចុះឈ្មោះបោះឆ្នោត ដូច្នេះ គ.ជ.ប នឹងចេញសេចក្តីសម្រេចមួយដើម្បីបន្ថែមពេលនៃការចុះឈ្មោះនិងពិនិត្យឈ្មោះ នេះ។
លោកបានបញ្ជាក់ថារហូតមកទល់ពេលនេះ ដំណើរការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះសម្រេច បាន១០ ភាគរយហើយក្នុង ចំណោមតួលេខអ្នកចុះឈ្មោះថ្មីប្រមាណ៣៣ម៉ឺននាក់នៅឆ្នាំនេះ។ ការពិនិត្យនិងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៣ចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី ២០ ខែតុលា ៕ Cambodia News