លោក សម រង្ស៊ី ចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតរួចរាល់ហើយ
ភ្នំពេញ ៖ នៅថ្ងៃច័ន្ទ វេលាម៉ោងជិត៣រសៀល នេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរួចរាល់ហើយ នៅការិយាល័យមួយ ក្នុងភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានសាក្សីចំនួនពីរនាក់ចូលរួមផងដែរ។

លោក សម រង្ស៊ី បានឆ្លើយសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីចុះឈ្មោះបោះឆ្នោតថា លោក មិនទាន់មានគម្រោងថាតើនឹងចុះឈ្មោះជាតំណាងរាស្រ្តនៅមណ្ឌលណានៅឡើយទេ។
លោក សម រង្ស៊ី មានប្រសាសន៍ថា លោកនឹងចាកចេញទៅ អង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅយប់ថ្ងៃចន្ទ ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា និងរឹតបន្តឹងជំនួយមកកម្ពុជា។
កន្លងទៅ លោក សម រង្ស៊ី មិនមានឈ្មោះជាបេក្ខជនជាប់ជាតំណាងរាស្ត្រ សម្រាប់នីតិកាលទី៥នេះទេ បើយោងតាមបញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោត ចេញផ្សាយដោយ គជប។ លោក សម រង្ស៊ី មិនបានឈរឈ្មោះជាតំណាងរាស្ត្រ ដោយសារ គជប សម្រេចមិនចុះឈ្មោះលោក ពេលលោកមានជាប់ពិរុទ្ធរឿងដកតម្រុយបង្គោលព្រំដែន។
នៅពេលលោកត្រឡប់មកពីប្រទេសបារាំងវិញ មុនការបោះឆ្នោត ថ្ងៃទី២៨ខែកក្កដា គជប លើកឡើងថា វាយឺតពេលទៅហើយ ដោយសារការបោះឆ្នោត ខិតជិតមកដល់៕ Cambodia News