ព្រះបរមរូបសម្តេចព្រះមហាវីរក្សត្រ ត្រូវបានដង្ហែទៅតម្កល់ នៅស្តូប
ភ្នំពេញ៖ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ (សម្តេចឪ) ត្រូវបានគេដង្ហែ យកទៅតម្កល់នៅស្តូប ឲ្យប្រជាពលរដ្ឋ ឬ ភ្ញៀវបរទេសចូលគោរពព្រះវិញ្ញាណក្ខន្ឋ លើសួនច្បារ ខាងកើតវិមានឯករាជ្យ នាព្រឹកថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ ២០១៣នេះ។
ព្រះបរមរូប សម្តេចព្រះ នរោត្តម សីហនុ ធ្វើអំពីស្ពាន់ មានកម្ពស់ ៤,៥ ម៉ែត្រ ទ្រង់ឈរលើព្រះផ្នែនមានកម្ពស់ ២,៧ ម៉ែត្រ សាងសង់ នៅលើខឿនរាងចតុកោណកែង មានបណ្តោយ ៥៤ ម៉ែត្រ ទទឹង ២៧ ម៉ែត្រ។
គួររម្លឹកថា ស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារ ខាងកើតវិមានឯករាជ្យ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ។
ស្តូបនោះ រចនាតាមទម្រង់បុស្បុក មានកម្ពស់សរុប ២៧ ម៉ែត្រ គិតពីបាតខាងក្រោមដល់កំពូល។ រីឯតួព្រះបរមរូប ធ្វើអំពីស្ពាន់ មានកម្ពស់ ៤,៥ ម៉ែត្រ ទ្រង់ ឈរលើព្រះផ្នែនមានកម្ពស់ ២,៧ ម៉ែត្រ សាងសង់ នៅលើខឿនរាងចតុកោណកែង មានបណ្តោយ ៥៤ ម៉ែត្រ ទទឹង ២៧ ម៉ែត្រ កម្ពស់ ០,៩ ម៉ែត្រ។
ការរចនាសម្ព័ន្ធបុស្បុក និងព្រះបរមរូប គឺត្រូវបានកំណត់យកខ្នាតទូទៅមួយ សុទ្ធតែមានលេខ ដែលអាចបូកផ្គុំបញ្ចូលគ្នា បានជាលេខ ៩ ទាំងអស់។
ព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះរោគគាពាធ។
ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលទើបឡើងកាន់តំណែងសាជាថ្មី ក៏បានចេញសារាចរ ណែនាំមួយ ស្តីពី ការប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១ ឆ្នាំ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣។
ក្នុងសារាចរ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ រាជរដ្ឋាភិបាល បានប្រកាសពីការកំណត់យកថ្ងៃទី១៥តុលា ជារៀងរាល់ឆ្នាំ ជាទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ។
ដើម្បីឲ្យការប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ គម្រប់ខួប ១ ឆ្នាំ ប្រព្រឹត្តទៅប្រកបដោយភាពឧត្តុង្គឧត្តម សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានសាធារណៈ និងឯកជន ត្រូវរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១ ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ឲ្យបានឧត្តុង្គឧត្តម ហើយស្ថាប័នរដ្ឋ ត្រូវចាត់តាំងប្រតិភូ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា នៅស្តូបព្រះបរមរូប ព្រះអង្គ នៅជិតវិមានឯករាជ្យ។ គ្រប់ស្ថានអគ្គរាជទូត និងស្ថានកុងស៊ុល កម្ពុជា ប្រចាំនៅបរទេស ក៏ត្រូវរៀបចំប្រារព្ធពិធីនេះផងដែរ៕ Cambodia News