គណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីជំហរប្រជុំសភា
ភ្នំពេញ៖ នៅព្រឹកម៉ោង១១ ថ្ងៃសុក្រនេះ គណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ស្តីពីគោលជំហរគណបក្សក្នុងការចូលរួមសម័យប្រជុំសភាលើកដំបូងនៅថ្ងៃ ទី២៣ខែកញ្ញា ឬយ៉ាងណា។ ក្នុងសន្និសីទសារព័ត៌មាននោះ នឹងមានវត្តមានប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា។
កាលពីថ្ងៃព្រហស្បតិ៍ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានដាក់លិខិតថ្វាយព្រះមហាក្សត្រជាថ្មី ដើម្បីសុំការពន្យារពេលប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ខែកញ្ញា បន្ទាប់ពីព្រះមហាក្សត្រ បានបដិសេធ លិខិតរបស់គណបក្ស។
កាលពីថ្ងៃ១៨ ខែកញ្ញា ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី បដិសេធលិខិតស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ដែលសុំពន្យារពេលការប្រជុំសភា ដោយស្នើឲ្យតំណាងរាស្ត្រគណបក្សទាំង៥៥ររូប ចូលរួមប្រជុំដំបូងនៃរដ្ឋសភា នៅថ្ងៃទី២៣ខែកញ្ញា ខាងមុខ ដើម្បីបង្ហាញនូវការរួបរួម និងឯកភាពជាតិ។
កាលពីថ្ងៃទី១៧ ខែកញ្ញា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានព្រមានថា គណបក្សប្រឆាំងនឹងធ្វើមហាបាតុកម្មលើកទីបី ប្រសិនបើមានការបើកប្រជុំសភានៅថ្ងៃទី២៣កញ្ញា ដោយមិនមានដំណោះស្រាយសមរម្យជាមុនសិន។
ចំណែកមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរថា តំណាងរាស្ត្ររបស់ខ្លួននឹងចូលរួមប្រជុំសភាធម្មតា បើទោះជាមិនមានគណបក្សសង្គ្រោះជាតិក៏ដោយ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសថា ពិធីបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៥ដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា សប្តាហ៍ក្រោយនេះ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។
សេចក្តីប្រកាស ព័ត៌មានបន្តថា សម័យប្រជុំដំបូងនេះ នឹងមានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុជាតិ FM96MHZ និងវិទ្យុវត្តភ្នំ 105.70MHZ ចាប់ពីម៉ោង ៨ព្រឹក៕ Cambodia News