រដ្ឋាភិបាលរំឭកប្រជាពលរដ្ឋពីសិទ្ធិបញ្ចេញមតិ មិនអនុញ្ញាតឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៨ ខែកញ្ញាម្សិលមិញនេះ បានលើកឡើងថាប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិចំពោះការបញ្ចេញមតិ និងសេរីភាពផ្នែកសារព័ត៌មាន ក៏ប៉ុន្តែសិទ្ធិសេរីភាពទាំងនេះ មានលក្ខខណ្ឌកំណត់ ជាពិសេសត្រូវធ្វើឡើងដោយស្របតាមច្បាប់ និងធានាថាមិនមានការប៉ះពាល់ដល់ព្រះមហាក្សត្រ ឬស្ថាប័នព្រះមហាក្សត្រជាដាច់ខាត។
សេចក្តីថ្លែងការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះ បានបញ្ជាក់ពីការសង្កេតឃើញថា ក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួន បានប្រើប្រាស់សិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មានរបស់ខ្លួន តាមរយៈបណ្តាញសារព័ត៌មាន, ជាពិសេសបណ្តាញសង្គម ហ្វេសប៊ុក ដោយមិនគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ។
រដ្ឋាភិបាលបានរំឭក ប្រជាពលរដ្ឋអំពីច្បាប់នៃរដ្ឋធម្មនុញ្ញ មាត្រា៧ និងមាត្រា៨ ដែលបានចែងពីព្រះរាជកិច្ចនៃព្រះមហាក្សត្រ ដូចជាការធានាឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីជាដើម ដោយក្នុងនោះ រដ្ឋធម្មនុញ្ញបានកំណត់មិនអនុញ្ញាតឲ្យមានការរំលោភបំពាន ចំពោះព្រះមហាក្សត្រឡើយ៕ Cambodia News