សហជីពនិងរោងចក្រកាត់ដេរចរចារកប្រាក់សងជំងឺចិត្តដល់កម្មករកាត់ដេរ
តំណាង ក្រុមហ៊ុននិងរោងចក្រកាត់ដេរ បស្ចឹមលោក រកស៊ីនៅបង់ក្លាដែស បានចាប់ផ្តើមពិភាក្សាគ្នា ស្វែងរកសំណងឱ្យកម្មករនិងគ្រួសាររងគ្រោះ ពីការបាក់រលំ និងអគ្គីភ័យឆេះអាគារកាត់ដេរ Rana Plaza និង Tazreen កាលពីឆ្នាំមេសាឆ្នាំ២០១៣ និងខែវិច្ឆិកាឆ្នាំ២០១២។ ជំនួបប្រជុំ ពីរថ្ងៃ (ថ្ងៃពុធនិងព្រហស្បតិ៍នេះ) ប្រព្រឹត្តទៅក្រុងហ្សឺណែវ ប្រទេសស្វីស។
ជំនួប ប្រជុំនេះប្រព្រឹត្តទៅដោយបិទទ្វារ នៅការិយាល័យ អង្គការពលកម្មអន្តរជាតិ (OIT) ដែលមានជំហរអព្យាក្រិត្យក្នុងសំណុំរឿងនេះ។ កម្មវត្ថុនៃការពិភាក្សាផ្តោតទាំងស្រុងទៅលើបញ្ហារកប្រាក់សំណង សងជំងឺចិត្តដល់កម្មករកម្មការិនីនិងគ្រួសាររងគ្រោះ តាមរយៈការបង្កើតឱ្យមានមូលនិធិសំណងនៅបង់ក្លាដែស និងការពង្រឹងអធិការកិច្ចសុវត្ថិភាពការងារនៅផ្ទាល់កន្លែង។
សម្រាប់ជនគ្រោះថ្នាក់នៅរងចក្រ Tazreen ក្រុមហ៊ុនអឺរ៉ុប បានព្រមព្រៀងផ្តល់សំណង៤,៣លានអឺរ៉ូ តាំងពីខែមេសា (កាលណោះក្រុមហ៊ុនកាត់ដេរអាមេរិក Walmart ដែលតំណាងឱ្យដល់ទៅ៤០%នៅរោងចក្រមិនបានចូលរួមប្រជុំទេ)។ នៅ ក្នុងជំនួបប្រជុំលើកនេះ គឺជាការផ្ទៀតផ្ទាត់ទឹកប្រាក់សំណង។ ប្រាក់ទាំង៤,៣លានអឺរ៉ូ ប្រមូលបានមកពីម្ចាស់ក្រុមហ៊ុនបរទេស រដ្ឋាភិបាល និងសមាគមនិយោជក ទៅនឹងត្រូវចែកចាយដល់ជនរងគ្រោះ និងគ្រួសារសព ទាំង១១០នាក់។
ទាក់ទងនឹងការបាក់រលំអាគាររោងចក្រកាត់ដេរ ៩ជាន់ Rana Plaza ដែលបានផ្តាច់ជីវិតកម្មករកាត់ដេរ១១២៩នាក់ កាលពីខែមេសាឆ្នាំ២០១៣វិញ ការចរចាកំពុងបន្តនៅថ្ងៃព្រហស្បតិ៍នេះទៀត។ តំណាងកម្មករកាត់ដេរពិភពលោក Industri ALL ប៉ាន់ប្រមាណថាប្រាក់សំណងជំងឺចិត្ត នៅថ្ងៃអនាគត អាចនឹងមានទំហំដល់ទៅ ៥៤ពាន់លានអឺរ៉ូ។
សំណងនេះ គ្មានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអគ្គិភ័យនិងសុវត្ថិភាពអាគារ រោងចក្រនៅបង់ក្លាដែសទេ។ ក្រុមហ៊ុនទាំងនោះក៏មិនត្រូវបានអញ្ជើញឱ្យចូលក្នុងការពិភាក្សា នៅទីក្រុងហ្សឺណែវនេះដែរ គឺមានតែក្រុមហ៊ុនសម្លៀកបំពាក់តែប៉ុណ្ណោះ។ បើតាមអង្គការសម្លៀកបំពាក់ស្អាត (Clean Clothes Campaign) ដែលជាសាក្សី នៃកិច្ចពិភាក្សា ក្នុងចំណោមក្រុមហ៊ុនជាង ២០ រកស៊ីនៅអាគារRana Plaza មានតែ១២ បានធ្វើដំណើរមកក្រុងហ្សឺណែវ។ អង្គការOIT ក៏បានអំពាវនាវឱ្យក្រុមហ៊ុនម៉ាកWalmart Benetton Mango ឱ្យមកចូលរួមចរចានៅថ្ងៃនេះដែរ៕ដោយ អៀង សុខម៉ិញ (RFI)