ហ្វ៊ូគូស្ហ៊ីម៉ា៖​សេវា​រដ្ឋាភិបាល​ជប៉ុន​ដោះស្រាយ​បញ្ហា​ទឹក​មាន​ធាតុ​វិទ្យុសកម្ម​​ ​បើក​ការ​ប្រជុំ​​លើក​ទីមួយ​

នៅថ្ងៃ ​អង្គារ​នេះ សមាជិក​នានា​នៃ​សេវា​​ការងារ​រដ្ឋាភិបាល​ជប៉ុនដែលជាសេវា​ការងារថ្មីមួយ​​ ទទួលបន្ទុក​បញ្ហា​ទឹកមានធាតុ​វិទ្យុសកម្ម​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា បាន​ជួប​ប្រជុំគ្នា​​ ​កំណត់​វិធានការ​ដោះស្រាយ​ជាក់ស្តែង​​ អោយ​បាន​​យ៉ាងយូរ​ក្នុង​ដំណាច់ឆ្នាំ​២០១៣នេះ។ បន្ទាប់​ពី​ជប៉ុន​​បាន​ត្រូវ​​​ជ្រើសរើស​អោយ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ ប្រកួត​កីឡា​អូឡាំពិក​ ឆ្នាំ​២០២០មក នេះ​ជាលើកទីមួយ​ហើយ ដែល​ក្រុមការងារ​ថ្មីនេះ បាន​​ជួបប្រជុំគ្នា។

នៅថ្ងៃ ​អង្គារ​នេះ ក្នុង​​ការប្រជុំ​លើកដំបូង​របស់​ខ្លួន ​​​សេវាការងារ​រដ្ឋាភិបាល​ ដែលជា​សេវា​ការងារ​​ថ្មី​ ទទួលបន្ទុក​​ដោះស្រាយ​បញ្ហាទឹកមានធាតុវិទ្យុសកម្ម​នៅ​​ហ្វ៊ូគីស្ហ៊ីម៉ា​ បាន​សំរេច​អោយ​​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ជប៉ុន​ គឺ​លោក​ តូស្ហ៊ីមីតស៊ូ ម៉ូតេហ្គី ធ្វើ​ជា​​អ្នក​ដឹកនាំ​ក្រុមការងារ​ពិសេសមួយ លើ​បញ្ហា​នេះ។​

កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ចាយវាយ​ថវិកា​ ៣៦០លានអឺរ៉ូ ​ទប់ស្កាត់​បញ្ហាធាតុ​វិទ្យុសកម្ម​នៅ​​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ Fukushima​។ រដ្ឋាភិបាល​​បាន​សំរេច​នៅពេល​ថ្មីៗ​នេះ​ថា នឹង​ឧបត្ថម្ភ​​​ការ​សាងសង់​ជញ្ជាំង​ទឹកកក​មួយ​​ នៅទីនោះ​​។ ជញ្ជាំងទឹកកក​នេះខ័ណ្ឌ​ចែក​​ផ្នែកក្រោមដី​នៃមជ្ឈមណ្ឌល​អោយ​ដាច់ចេញ​ពី​​ ទីកន្លែង​ដែលនៅ​ជិតខាង​ក្បែរ​នោះ ហើយវា​​ក៏​ខ័ណ្ឌ​ផ្នែកក្រោម​ដី​នេះ​អោយដាច់​ចេញ​ពី​សមុទ្រ​ផងដែរ។ ​ រដ្ឋាភិបាល​​ក៏​សំរេច​ពង្រឹង​​មធ្យោបាយ​បន្សាប​ធាតុ​វិទ្យុសកម្ម​ក្នុង​ទឹក​ ​ដែលលេច​ចេញ​នៅទីនោះ​ផងដែរ។

កន្លងមក ទឹក​​​​​មាន​ជាតិពុល​​៤សែនតោន បាន​លេច​ចេញ​នៅក្រោមដី​នៅ​​មជ្ឈមណ្ឌល ហើយ​​​ត្រូវ​បានយក​​ស្តុកទុក​ក្នុង​អាងទឹកប្រមាណ​ជា​មួយពាន់។ មួយភាគ​នៃ​បរិមាណ​ទឹក​នេះ ​ហូរចូល​ទៅសមុទ្រ​រាល់ថ្ងៃ ដោយសារតែ​ជប៉ុន​ខ្វះខាត​មធ្យោបាយ​ទប់ទឹក។ លើសពីនេះ សកម្មភាព​​ធ្វើអោយ​ត្រជាក់​ដល់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​​នានានៅ​ មជ្ឈមណ្ឌល​ បានធ្វើ​អោយ​​​ទឹក​មានធាតុ​វិទ្យុសកម្ម​នៅតែ​លេច​​​ចេញ​​​មក​រៀង​រាល់ថ្ងៃ។

រដ្ឋាភិបាល​សំរេច​ចិត្ត​លូកដៃ​​​​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ផ្ទាល់ជាមួយ​​ ក្រុមហ៊ុន​ថាមពល​អគ្គិសនី​​ជប៉ុន តេបកូ។ ទោះយ៉ាងនេះ​ក្តី នាយករដ្ឋមន្ត្រី​ជប៉ុន​ធ្លាប់​បាន​ប្រាប់​នៅពីមុខ​គណៈកម្មាធិការ​​​អន្តរជាតិ​កីឡាអូឡាំ ពិក ថា បញ្ហា​នេះ​ត្រូវបាន​​គ្រប់គ្រង​ហើយ។

ពីរថ្ងៃ​បន្ទាប់​ពី​ជប៉ុនបានត្រូវ​ជ្រើសរើ​ស​អោយធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​ កីឡាអូឡាំពិក​ឆ្នាំ​២០២០មក​ ការប្រជុំ​សេវា​រដ្ឋាភិបាល​នៅថ្ងៃ​អង្គារ​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​​លោក​អាបេ​មាន​​​​ជំហរ​មោះមុត​ ដើម្បី​​ដោះស្រាយ​បញ្ហា​អោយ​បាន​ចប់សព្វគ្រប់ជាស្ថាពរ​ ​ចៀសវាង​​ប៉ះពាល់​ដល់​ការប្រកួតកីឡា​អូឡាំពិក​ នៅពេល​អនាគត​៕ដោយ ព្រំ សឿន សូលីណា​(RFI)

Related Articles

Back to top button
Close
Close