លោក សម រង្ស៊ី និងលោក កឹម សុខា នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៅថ្ងៃទី១១ កញ្ញា
Cambodia News/
ដោយ៖ ហេង នាង/
ភ្នំពេញ៖ ក្នុងតារាងនៃគម្រោងផែនការសកម្មភាពរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន-អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី៩ ខែកញ្ញា បានបញ្ជាក់ថា នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៣ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា បច្ចុប្បន្ននេះ កំពុងគង់ប្រថាប់នៅប្រទេសចិន ហើយបើតាមដំណឹង ព្រះករុណា នឹងយាងនិវត្ត មកកាន់រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣។
បើតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ កម្ពុជា បានចែងថារយះពេលយ៉ាងយូរ ៦០ ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត កាលពីថ្ងៃទី២៨កក្កដា ព្រះករុណា នឹងកោះប្រជុំសមាជិករដ្ឋសភា ដែលទើបជាប់ឆ្នោតថ្មី ដើម្បីបង្កើតថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិទី៥។
បើតាមផែនការសកម្មភាពដដែលនោះ លោក សម រង្ស៊ី និងលោក កឹម សុខានៅព្រឹកថ្ងៃទី៩កញ្ញានេះ លោកបានចុះទៅវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១០កញ្ញា លោកសម រង្ស៊ី និងលោក កឹម សុខា នឹងទៅផ្សារអូរឫស្សី នឹងនៅថ្ងៃពុធ ទី១១កញ្ញា ចូលគាល់ព្រះមហាក្សត្រ។
នៅម៉ោង ៨ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា នៅខេត្តសៀមរាប និងនៅថ្ងៃសុក្រ ទី១៣កញ្ញា ពេលព្រឹក នៅខេត្តបាត់ដំបង រីឯពេលរសៀល លោក សម រង្ស៊ី និងលោក កឹម សុខា នឹងជួបមហាជន នៅខេត្តពោធិ៍សាត់៕