ក្រុម​អ្នក​ភូមិ​បឹង​កក់​ដើរ​ហែក្បួន​រម្លឹក​ខួប​នៃ​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ស្រី ​យ៉ោម ​បុប្ផា​

ភ្នំ​ពេញ​៖ កាលពីព្រឹកព្រលឹមថ្ងៃពុធ​ ទី៤កញ្ញា ដែលថ្ងៃ​គម្រប់មួយឆ្នាំគត់ ដែលស្ត្រីអ្នកភូមិបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានចាប់ឃុំខ្លួន​ ក្រុម​អ្នក​ភូមិបឹងកក់ចាស់ក្មេងប្រមាណ ១០០នាក់ ដែល​រួម​ទាំង​កូនប្រុសអាយុ៩ឆ្នាំ និងប្តី​របស់​អ្នកស្រី​យ៉ោម បុប្ផា ពាក់អាវយឺតខ្មៅ និង​ពាក់​រូប​ថត​អ្នក​ស្រី​យ៉ោម​បុប្ផា​​នៅក្បាល បាន​ជួប​ជុំ​នៅវត្តភ្នំ ។

ការតវ៉ា​ទាមទារ​ឲ្យ​តុលាកា​រដោះលែង​អ្នកស្រី​យ៉ោម បុប្ផា ដែលធ្វើឡើងដោយអ្នកភូមិបឹងកក់។
ការតវ៉ា​ទាមទារ​ឲ្យ​តុលាកា​រដោះលែង​អ្នកស្រី​យ៉ោម បុប្ផា ដែលធ្វើឡើងដោយអ្នកភូមិបឹងកក់។

អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កាត់ទោស​ដាក់ពន្ធនាគារ​៣ឆ្នាំ ក្នុង​សំណុំ​រឿង​​ព្រួត​គ្នា​វាយ​លើ​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​។ ក្រោយមកតុលាការសាលាឧទ្ធរណ៍​បានបន្ថយ​ទោស​នៅ​សល់ ២​ឆ្នាំ។ ក៏ប៉ុន្តែ អ្នកភូមិ​និងសកម្មជនសិទ្ធិមនុស្ស​យល់ថា ករណីអ្នកស្រី យ៉ោម បុប្ផា ពាក់​ព័ន្ធនឹងការតវ៉ារឿងដីធ្លី។ ​សព្វថ្ងៃនេះ សំណុំរឿង​ក្តី​របស់​អ្នក​ស្រី យ៉ោម បុប្ផា កំពុងស្ថិត​នៅ​តុលាការ​កំពូល​។

ក្រុមអ្នកភូមិ​​ដឹកនាំដោយអ្នកស្រី ទេព វន្នី បានដើរហែក្បួន​ពីវត្តភ្នំ ទៅកាន់តុលាការកំពូល ដែល​ស្ថិតនៅខាងត្បូង ជាប់ព្រះបរមរាជវាំង។​ ក្រុមអ្នកភូមិ​បានប្រមូលផ្តុំ​នៅមុខតុលាការ ស្រែកមេក្រូ ស្វែងរកយុត្តិធម៌ និងទទូចស្នើឲ្យតុលាការ​ដោះលែងអ្នកស្រី យ៉ោម បុប្ផា។
ប៉ុន្តែ ការជួបជុំរបស់ភូមិបឹងកក់​នៅព្រឹកនេះ មិនមានលើកបដាដូចពេលមុនៗទេ។ អ្នកស្រី ទេព វន្នី អះអាងថា ក្រុមអ្នកភូមិ​ត្រូវបានអាជ្ញាធររារាំង និងចាប់ដកហូតយកបដា​ដែលបម្រុង នឹងនាំមកចូលរួមពិធីជួបជុំ នៅព្រឹកនេះ។

ពាក់ព័ន្ធនឹងករណីអ្នកស្រី យ៉ោម បុប្ផា គម្រប់​១ឆ្នាំ ដែលត្រូវជា​៣៦៥ថ្ងៃ អង្គការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​ក៏បានថ្លែងការណ៍​បញ្ជាក់ជាថ្មីថា តុលាការផ្តន្ទាទោស​អ្នកស្រី យ៉ោម បុប្ផា ខ្វះភស្តុតាងជាក់លាក់ ដើម្បីធ្វើការចោទប្រកាន់ ពីបទហិង្សាដោយ​ចេតនា មាន​ស្ថានទម្ងន់​ទោស​ ពាក់ព័ន្ធនឹងករណីវាយទៅលើអ្នករត់ម៉ូតូឌុបពីរនាក់៕ នាង/Cambodia News

Related Articles

Back to top button
Close
Close