ហ្វីលីពីនចោទចិនថាសាងសង់ប្លុកបេតុងនៅលើកោះផ្កាថ្មដែលជាប់ជម្លោះ
នៅថ្ងៃអង្គារដើមសប្តាហ៍នេះ ប្រទេសហ្វីលីពីនបានចោទប្រទេសចិនថា បានធ្វើការសាងសង់ប្រព័ន្ធបេតុងមួយ នៅលើកោះផ្កាថ្ម Scarborough ដែលជាកោះជម្លោះរវាងប្រទេសទាំងពីរ ស្ថិតនៅសមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិហ្វីលីពីនបានបង្ហាញទៅអ្នកសារព័ត៌មាន នូវរូបថតជាច្រើនដែលថតបានតាមយន្តហោះ បង្ហាញពីវត្តមានប្លុកបេតុងប្រមាណជាង៣០ សាងសង់លើកោះផ្កាថ្មនោះ។
ជាភស្តុតាង នៃការចោទប្រកាន់ទៅលើការឈ្លានពានរបស់ចិន លោក ភីតថឺ ហ្កាល់វេហ្ស អ្នកនាំពាក្យក្រសួងការពារជាតិហ្វីលីពីន បានបង្ហាញទៅកាន់អ្នកសារព័ត៌មាន នូវរូបថតជាច្រើនបង្ហាញពីវត្តមានប្លុកបេតុងចំនួនជាង៣០ ដែលបានសាងសង់នៅលើកោះផ្កាថ្ម Scarborough ស្ថិតនៅសមុទ្រចិនខាងត្បូង។ គួររំលឹកថា កោះផ្កាថ្ម Scarborough គឺជាកោះជម្លោះរវាងចិន និងហ្វីលីពីន ព្រមទាំងតៃវ៉ាន់ផងដែរ។
យន្តហោះ ហ្វីលីពីន បានថតយករូបប្លុកបេតុងទាំងនេះបាន កាលពីថ្ងៃសៅរ៍កន្លងទៅ ហើយទន្ទឹមនោះដែរ ហ្វីលីពីនក៏បានកត់សម្គាល់ពីវត្តមាននាវាល្បាតចិនជាច្រើនគ្រឿង នៅក្នុងតំបន់នោះផងដែរ។ ក្រសួង ការពារជាតិហ្វីលីពីននៅពិបាកសន្និដ្ឋានថា តើប្លុកបេតុងទាំងនោះសាងសង់ឡើងដើម្បីអ្វីពិតប្រាកដ។ ប៉ុន្តែ ប្លុកទាំងនោះ អាចនឹងប្រើធ្វើជាគ្រឹះស្ថាបនាប្រព័ន្ធអ្វីមួយបាន។
ក្នុងផ្ទៃក្រឡា១៥០គីឡូម៉ែត្រការេ កោះផ្កាថ្ម Scarborough ជាកោះគ្មានមនុស្សរស់នៅ។ កោះនេះ ស្ថិតនៅជាង២០០គីឡូម៉ែត្រពីហ្វីលីពីន ហើយស្ថិតក្នុងតំបន់ពាណិជ្ជកម្មផ្តាច់មុខរបស់ហ្វីលីពីន។ គិតពីកោះហៃណានប្រទេសចិនទៅ កោះផ្កាថ្មនេះមានចំងាយប្រមាណ៦៥០គីឡូម៉ែត្រ។ តំបន់សមុទ្រចិនទាំងមូល គឺជាទីប្រជុំនៃពាណិជ្ជកម្មផ្លូវទឹកគ្រប់បែបយ៉ាង និងសំបូរដោយធនធានប្រេង និងឧស្ម័នធម្មជាតិ។ ចិនតែងឈ្លោះដណ្តើមបូរណភាពស្ទើរតែគ្រប់ទីកន្លែងនៅទីនោះ ជាមួយប្រទេសក្នុងតំបន់ ក្រៅពីហ្វីលីពីន នៅមានដូចជាជប៉ុន តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី រឺក៏ព្រុយណេជាដើម ធ្វើអោយមានភាពតានតឹងក្នុងតំបន់។
ក្នុងបែបបទនៃភាពតានតឹងនេះដែរ នៅសប្តាហ៍នេះ ប្រធានាធិបតីហ្វីលីពីន លោកបេននីញ៉ូ អាគីណូ បានលុបចោលដំនើរទស្សនកិច្ចចូលរួមពិព័រណ៍មួយ នៅប្រទេសចិន ដោយលោកប្រាប់ថា មិនអាចទទួលយកបាននូវលក្ខខណ្ឌនានារបស់ចិននោះទេ។ ផ្នែកការទូត ហ្វីលីពីនមិនបានបញ្ជាក់ថា តើលក្ខខណ្ឌនេះជាអ្វីទេ ប៉ុន្តែប្រាប់ថា មានជាប់ទាក់ទងនឹងរឿងទឹកដី៕ដោយ ព្រំ សឿន សូលីណា (RFI)