អូស្រ្តាលីបញ្ជូនមនុស្ស៤៨នាក់ឲ្យទៅប្រទេសស្រីលង្កាវិញ
អាជ្ញាធរនៅប្រទេសអូស្រ្តាលីបាន បញ្ជូន ជនជាតិស្រីលង្កាចំនួន៤៨នាក់ ឲ្យត្រឡប់ទៅប្រទេសដើមវិញ ក្រោយពេលពាក្យសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្រ្តាលី របស់ពួកគេមិនបានជោគជ័យ។
ក្នុង ចំណោមជនទាំងនោះមាន១៣នាក់ ជាមនុស្សក្នុងក្រុមគ្រួសារតែមួយដោយ៧នាក់គឺជាក្មេង ហើយក្រៅអំពីនោះគឺសុទ្ធតែជាបុរសនៅលីវ។
ស្របពេលគ្នានេះ មនុស្ស៥នាក់បានត្រូវអាជ្ញាធរចាប់ខ្លួនពីការជួញដូរមនុស្ស។ ប៉ូលិសបានបើកប្រតិបត្តិការបង្ក្រាបធំមួយទៅលើបណ្ដាញនៃអ្នកជួញដូរ មនុស្សនៅថ្ងៃម្សិលមិញនៅរដ្ឋចំនួន៤ក្នុងប្រទេសអូស្រ្តាលី។ នេះលើកទី១ដែលមានការចាប់ខ្លួនអ្នកជួញដូរដ៏ច្រើនក្នុងពេលតែ មួយ។
ជនជាប់ចោទដែលមានដើមកំណើតមកពីប្រទេសប៉ាគីស្ថាន អាហ្វហ្កានីស្ថាននិងអ៊ីរ៉ង់កំពុងតែប្រឈមមុខនឹងការជាប់ពន្ធនាគារ ដល់ទៅ១០ឆ្នាំ និងការផាកពិន័យប្រាក់ចំនួនជាង១សែនដុល្លារ ប្រសិនបើមានកំហុស។
ប៉ូលិសអូស្រ្តាលីបានទទួលការផ្ដល់តម្រុយ ចំនួន២០០ពីសាធារណជន។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ពួកគេបានរៀបចំនាំកាណូតអ្នកស្វែងសុំសិទ្ធិជ្រកកោនចំនួន១៣២ គ្រឿងចូលមកប្រទេសអូស្រ្តាលី៕ (Radio Australia)