ជុំ រចនាពេជ្រត្រៀមខ្លួនធ្វើតួឯក ២រឿងព្រមគ្នា
ភ្នំពេញ៖ តារា សិចស៊ីកំពុងតែឡើងកូដបោះជំហ៊ាននៅលើវិថីសិល្បៈទៅមុខឥតឈប់ឈរនាងជុំ រចនាពេជ្រដែលក្នុងចង្កោមសិល្បៈនិយមហៅ ថាបេប៊ីបានព្យាយាមវាយលុកលើទីផ្សារសិល្បៈយ៉ាងស្វិតស្វាញពិសេសលើតួនាទីជាតារាសម្តែង។
ក្រោយពីព្យាយាមខំសម្រួលខ្លួនទ្រាំដើរសម្តែងត្រឹមជាតួកំប៉ិកកំប៉ុកដោយលួងចិត្តខ្លួនឯងថានៅថ្ងៃណាមួយនាងពិតជាបានហក់មកសម្តែងជាតួសំខាន់ដូចតារាជើងចាស់មិនខាន។នៅទីបំផុតត្រឹមចេញមុខបាន១ខ្យល់ក្នុងសិល្បៈឆ្លងកាត់ជាតួរងមួយរយៈរចនាពេជ្រត្រូវបានអ្នកដឹកនាំរឿងលើកស្ទួយព្រមគ្នាដោយសន្យាកក់រឿងពីរឲ្យនាងដើរជាតួឯកព្រោះយល់ឃើញពីទេពកោសល្យសម្តែងអាចទទួលយកបាន។
មហាជនដែលនិយមតាមដានសកម្មភាពរបស់តារាសម្តែងជើងថ្មីរបស់នាងជុំ រចនាពេជ្រពិតជាមានការកត់សម្គាល់ថានាងពិតជាមានភាពមមាញឹកជាប់គ្នារហូតហើយឧស្សាហ៍ចេញមុខសម្តែងសិល្បៈនៅលើវេទិការបស់កម្មវិធីទូរទស្សន៍នានាញឹកស្អេកផងដែរ។ការបោះជំហានទៅមុខនេះត្រូវបានគេយល់ថាទៅពេលមុខទៀតតារាយេរៗតែងខ្លួនឥតចាញ់តារារៀមច្បងរចនាពេជ្រពិតជាមានសន្ទុះកេរ្តី៍ឈ្មោះឡើងទៅមុខទៀតព្រោះនាងមានទេពកោសល្យល្អតាំងពីរបៀបធ្វើទឹកមុខសម្តែង ការឡើងច្រៀងក៍រស់រវើកពិសេសក្បាច់រាំពត់ពេនគឺនាងបានបញ្ចេញពេលសម្តែងម្តងៗឡើងធ្វើឲ្យអ្នកទស្សនាភ្លឹកគ្រប់គ្នា។
បេប៊ីដែលកំពុងតែត្រូវប៉ាន់ជាមួយតួនាទីជាតារាចែងចាំងដូចក្តីរំពឹងនាងត្រូវគេមើឃើញថាកំពុងតែជាប់កុងត្រាថតជាតួរងក្នុងរឿង«ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍»ឲ្យផលិតកម្មមហាហង្សនិងរឿង«ព្រហ្មលិខិត»ឲ្យស៊ីធីអិន។ទោះជាការសម្តែងរបស់នាងមិនសូវជារុញឲ្យឡើងលើសគេក៍តារាវ័យក្មេងរូបនេះចាត់ទុកជាជំហានត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពលេចធ្លោ។ដោយសារតែនាងអាចច្បិចការសម្តែងបានជាច្រើនទម្រង់គ្រប់បែបបថទើបនាងបានចាប់យកការចាប់អារម្មណ៍ពីសំណាកអ្នកដឹកនាំរឿងល្បីៗរហូតបានទាក់ទងនាងឲ្យត្រៀមខ្លួនជាបណ្តើរៗព្រោះបន្ទាប់ពីថតរឿង២ខាងលើចប់នាងនឹងថតរឿងថ្មីទៀតក្នុងនាមជាតួអង្គឯកដោយស្វ័យប្រវត្តិតែម្តង។
តារាស្រីដែលក្រុមអ្នកគាំទ្ររបស់នាងជាច្រើនបានផ្តល់សញ្ញាថាទៅថ្ងៃក្រោយជាដួងផ្កាយរះក្នុងសិល្បៈជុំ រចនាពេជ្របានថ្លែងប្រាប់អ្នកយកព័ត៌មានយើងកាលពីពេលថ្មីៗនេះថានាងឥឡូវនេះក្រៅពីជាប់ផុងថតកម្មវិធីទូរទស្សន៍មួយចំនួនទាំងនៅស៊ីធីអិននិងនៅMYTVនាងក៍មមាញឹកនិងការដើរច្រៀងរាំតាមកម្មវិធីប៉ុស្តី៍មួយចំនួនទៀតបន្តកន្ទុយគ្នាពីមួយសប្តាហ៍ទៅមួយសប្តាហ៍រកពេលទៅកាត់សម្លៀកបំពាក់មិនទាន់។ជាក់ស្តែងគ្រាន់តែនៅប៉ុស្តី៍លេខ៣នាងឡើងច្រៀងពីរដងទៅហើយក្នុងខែនេះក្នុងកម្មវិធី«តន្ត្រីប៊ូម ប៊ូម»«តារាឯក»ដែលបានអ្នកបងគង់ សុជាតិហៅសម្តែង។
លើសពីនេះមាននៅTY5 និងCTN ហើយសេសសល់ពីការសម្តែងតាមឆាកនាងក៍ត្រូវបានគេហៅសម្តែងតាមស្ព៉តពានិជ្ជកម្មមួយចំនួនទៀតដែរឡើងស្គមខ្លួនពេលខ្លះចង់សន្លប់តាមផ្លូវក៍មានដែរព្រោះកម្លាំងថយពេកឡើងម្តាយនិងសាច់ញាតិស្វាយមាត់គ្រប់គ្នា។តារាសាច់សខ្ចីនិងកំពុងតែធ្វើឲ្យឧកញ៉ាទ្រព្យស្តុកលង់ស្នេហ៍រូបនេះបានគូសបញ្ជាក់ទៀតថានាងកំពុងតែសម្រុកថតរឿងដែលទទួលពីមុនជាតួរងនោះឲ្យបានចប់សព្វគ្រប់ហើយនាងនិងបន្តកុងត្រាថតរឿងថ្មីមួយចំនួនដោយមានវាសនាជាតួឯកតាមការរំពឹងទុកព្រោះរឿងនាងលេងនោះជាតួអង្គសំខាន់សម្តែងឲ្យMYTVនិងរឿង១ទៀតជារឿងរបស់ផលិតកម្មមហាហង្សដែលជារឿងថ្មីនិងឮថាជាតួឯកជាមួយកញ្ញានី មុនីនាថ។
ទោះយ៉ាងណារចនាពេជ្រមិនទាន់ទម្លាយចំណងជើងរឿងទាំង២ទេព្រោះខាងក្រុមការងារលាក់សិនដោយនាងរំពឹងថាបើសិនជាមិនមានការផ្លាស់ប្តូរតួអង្គទេនាងនិងព្យាយាមជម្រុញការសម្តែងឲ្យកាន់តែល្អឡើងៗដើម្បីច្បាមយកការគាំទ្រជាបន្តទៅមុខទៀត។នាងមានការអរគុណខ្លាំងណាស់រាល់បណ្តារៀមច្បងគ្រប់ផ្នែកដែលជួយនាងឲ្យបានចេញមុខក្នុងសិល្បៈមានការងារសម្តែងបានគ្រប់កន្លែងនិងឲ្យតម្លៃនៃការរំលេចទេពកោសល្យរបស់នាងបើសិនជាយើងល្អហើយគ្មានអ្នកនៅពីក្រោយក៍មិនអាចជួយឲ្យយើងបានលូតទៅមុខដែរ៕ ស.រ/Cambodia News