សម រង្ស៊ី ៖ ការជួបជុំនៅថ្ងៃទី២៦ សីហា គឺជាការជួបជុំធម្មតា
ភ្នំពេញ៖ តាមការប្រកាសរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃចន្ទ ទី២៦ សីហា ខាងមុខនេះ នឹងមានការជួបជុំធំមួយរវាងថ្នាក់ដឹកនាំគណបក្សនេះ និងអ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំ។
ការជួបជុំនេះ ត្រូវបានមតិមួយចំនួនអះអាងថា ជាការចាប់ផ្តើមនៃមហាបាតុកម្ម ដែលគណបក្សសង្រ្គោះជាតិបានត្រៀមជាយូរមកហើយនោះ ប៉ុន្តែការលើកឡើងនេះ ត្រូវបានលោក សម រង្ស៊ី ធ្វើការច្រានចោលកាលពីព្រឹកមិញនេះ បន្ទាប់ពីលោកចាកចេញពីការសួរសុខទុក្ខក្រុមអាជីវករនៅផ្សារ អូឡាំពិក។
លោក សម រង្ស៊ី បាននិយាយថា ការជួបជុំនៅថ្ងៃទី២៦ ខែសីហា គឺគ្រាន់តែជាការជួបសំណេះសំណាលជាធម្មតាមួយរបស់លោកជាមួយ ប្រជាពលរដ្ឋប៉ុណ្ណោះ។
សូមបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតរួច និងក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញហាក់ដូចជាទទួលអារម្មណ៍ភ័យខ្លាច ជាខ្លាំង នោះក៏ព្រោះតែការគំរាមធ្វើមហាបាតុកម្មរបស់គណបក្សជំទាស់ដែលទទួល បានអាសនៈតិចជាងគណបក្សកាន់អំណាច និងស្របពេលដែលឃើញមានកម្លាំងសមត្ថកិច្ចជាច្រើន ត្រូវបានគេដាក់ពង្រាយនៅពាសពេញរាជធានីភ្នំពេញនោះ៕ Cambodia News